សម្ដេច ហ៊ុន សែន ៖ ផែរាម ក្លាយជាកង្វល់របស់ពួកអ្នកឯង ប៉ុន្ដែពួកអ្នកឯង មិនបានខ្វល់ពីសន្ដិសុខជាតិកម្ពុជា

ភ្នំពេញ ៖ មិនបញ្ចេញចំឈ្មោះទៅលើប្រទេសណាមួយអំពីកង្វល់ពីកំពង់ផែរាម ដែលពួកគេហាក់មិនអស់ចិត្តនោះ ទើបសម្តច ហ៊ុន សែន សម្តេចបានលើកបែបឌឺដងទៅវិញថា រឿងកំពង់ផែសមុទ្ររាម ក្លាយជាកង្វល់របស់ពួកអ្នកឯង ប៉ុន្ដែពួកអ្នកឯងមិនបានកង្វល់អំពីសន្ដិសុខជាតិរបស់កម្ពុជា តាមរយៈនៃការធ្វើបដិវត្តពណ៌ ផ្ដួលរំលំរដ្ឋាភិបាល។

ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចបានប្រកាសទៀតថា មិនអត់ឱនឲ្យនរណា ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។ កម្ពុជាត្រូវតែរក្សាសុខសន្តិភាពឲ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

សម្ដេចបន្ដថា បណ្ដាប្រទេសដទៃ កុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ហើយកុំបង្កើតកំហុស និងសោកនាដកម្មជាថ្មីមកលើកម្ពុជា «ខ្លួនជាប្រទេសជាប្រជាធិបតេយ្យ សេរី បែរជាគាំទ្រសកម្មភាពរដ្ឋប្រហារ ,ខ្មែរក្រហម និងបដិវត្តន៍នៅកម្ពុជា»។

សម្ដេចបញ្ជាក់ទៀតថា «សូម្បីរឿងកំពង់ផែសមុទ្ររាម ក្លាយទៅជាកង្វល់របស់ពួកអ្នកឯង នៅចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីកម្ពុជា ប៉ុន្ដែអ្នកឯងបានបង្ហាញពីកង្វល់អំពីរបស់អ្នកឯង ប៉ុន្ដែអ្នកឯងមិនបានកង្វល់អំពីសន្ដិសុខជាតិរបស់កម្ពុជា តាមរយៈនៃការធ្វើបដិវត្តពណ៌ នៃការផ្ដួលរំលំ»។

បញ្ហាកំពង់ផែរាមនៅតែជាប្រធានបទដែលត្រូវបានប្រមុខការពារជាតិអាមេរិកលើកឡើងម្តងទៀតចំពោះមុខប្រមុខការពារជាតិកម្ពុជា ជាការឆ្លើយតបសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិថ្លែងថា កុំកង្វល់ពេកពីរឿងកំពង់ផែរាមនេះ ដោយរុញឲ្យអាមេរិកទៅខ្វល់រឿងផ្សេងវិញ៕
ដោយ៖ រិន ចំរើន