ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ទៅទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត

សៀមរាប៖ នៅវេលាព្រឹកព្រលឹមស្រាងៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករបានមកអង្គុយរង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរ។ ភ្ញៀវទេសចរខ្លះបានអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។

កញ្ញា យាន ដានី អាយុ២៩ឆ្នាំ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលមកដល់ខាងមុខប្រាសាទអង្គរ ដោយសារបានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចូលមករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះ។

កញ្ញាបន្តថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ តែនេះជាលើកទីមួយហើយ ដែលខ្លួននិងមិត្តភក្ដិ បានចូលមកទស្សនាថ្ងៃរះនៅទីនេះ ដោយត្រូវក្រោកមករង់ចាំតាំងពីម៉ោង៥ព្រឹក។
ពេលបានឃើញភាពស្រស់ស្អាតនៃថ្ងៃរះទន្ទឹមកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាសហើយនោះ។

កញ្ញា ដានី លើកឡើងថា ពិតជាមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។

អ្នកស្រី Garency Fraken ជនជាតិអាមេរិក បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត ថ្ងៃរះនៅប្រាសាទអង្គរវត្ត។ ដោយនេះជាក្តីស្រម៉ៃជាយូរមកហើយ របស់អ្នកស្រីនិងគ្រួសារ ដែលប៉ងប្រាថ្នាមកកាន់ប្រាសាទអង្គរវត្ត។

អ្នកស្រីថា មកដល់កម្ពុជាភ្លាម (ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣) គោលដៅដែលខ្លួន និងគ្រួសារមកទស្សនាមុនគេគឺប្រាសាទអង្គរវត្ត ហើយគោលដៅបន្តអ្នកស្រីគ្រោង និងចូលទស្សនាប្រាសាទបុរាណជាច្រើនទៀតក្នុងរមណីយដ្ឋានអង្គរ។

អ្នកស្រីបន្ថែមថា នៅពេលធ្វើដំណើរកម្សាន្តមកកាន់រមណីយដ្ឋានអង្គរ អ្នកទេសចរតែងចំណាយពេលដ៏មានតម្លៃ ក្រោកពីព្រលឹម ឆ្ពោះមកប្រាសាទអង្គរវត្ត ដើម្បីបានឃើញភាពអស្ចារ្យនៃសម្រស់កំពូលប្រាង្គប្រាសាទអង្គរវត្ត ដែលឆ្លុះចាំងជាមួយពន្លឺព្រះអាទិត្យរះពណ៌មាស៕