ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំសន្និបាតប្រចាំឆ្នាំ ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីវាយតម្លៃលើសមិទ្ធផលការងារការទូត និងរៀបចំផែនការសកម្មភាពថ្មី សម្រាប់គោលនយោបាយការបរទេសឯករាជ្យ និងផ្អែកតាមច្បាប់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ឱ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត និងធ្វើជាប្រធានដឹកនាំកិច្ចពិភាក្សារយៈពេលពីរថ្ងៃដំបូង លើប្រធានបទស្តីពី ការប្រែប្រួលភូមិសាស្ត្រនយោបាយសកល ការវិវត្តនៃបញ្ហាក្នុងតំបន់ដែលជាផលប្រយោជន៍ និងក្តីបារម្ភរបស់កម្ពុជា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល ក៏ដូចជាការបន្តធ្វើកំណែទម្រង់ស្ថាប័ន ជាដើម។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតដែលនឹងរៀបចំជាលក្ខណៈផ្ទៃក្នុង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ហើយដែលក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី នឹងផ្តល់គោលការណ៍ណែនាំ និងទិសដៅគោលនយោបាយ ដល់មន្រ្តីការទូតកម្ពុជាទាំងអស់ សំដៅរក្សាផលប្រយោជន៍ស្នូលរបស់កម្ពុជា ធានាឱ្យបាននូវអធិបតេយ្យភាព និងសន្តិភាព ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ច៕ ដោយ៖ ពុទ្ធិពល