លោក មុត ចន្ថា៖ លោក កឹម សុខា នឹងមិនទៅដឹកនាំបក្សភ្លើងទៀននោះទេ

ភ្នំពេញ៖ លោក មុត ចន្ថា មនុស្សស្និទ លោក  កឹម សុខា  ប្រាប់ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនថា លោក កឹម សុខា នឹងមិនទៅដឹកនាំបក្សភ្លើងទៀននោះទេ ទោះក្នុងកាលៈទេសៈណា ក៏ដោយ និងបញ្ឈប់តោងទាមកេងប្រយោជន៍ពីរូបគាត់!។

លោក មុត ចន្ថា បានសរសេរ នៅលើទំព័រ ហ្វេសបុករបស់ខ្លួននៅថ្ងៃ ទី ២៥ ខែកុម្ភ:នេះថា អនុប្រធានបក្សភ្លើងទៀន រុង ឈុន ខំទូងស្គរលេងប៉ាហ៉ី ដោយព្យាយាមស្រែកបន្លំយកឈ្មោះរបស់ លោ កឹម សុខា មកភ្ជាប់ជាមួយបក្សភ្លើងទៀន នៅក្រោមលេសអញ្ជើញ លោក កឹម សុខា ឱ្យទៅដឹកនាំបក្សភ្លើងទៀន។ ទោះបីនិយាយពិត ឬបន្លំ ក៏វាមិនអាចទៅរួចឡើយ!

លោកសរសេរថា”ជានិច្ចជាកាល ខ្ញុំតែងតែនៅជាប់ជាមួយ ឯកុឧត្តម កឹម សុខា រហូតមកដល់ពេលនេះ ខ្ញុំស្គាល់ច្បាស់ និងដឹងយ៉ាងប្រាកដ អំពីទស្សនៈ គោលការណ៍ និងគោលជំហររបស់ ឯកឧត្តម កឹម សុខា ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ គឺ «លោកនឹងមិនទៅដឹកនាំបក្សភ្លើងទៀន ទោះក្នុងកាលៈទេសៈណា ក៏ដោយ»”។

លោកបន្ដថា”អ្វីដែលមិនអាចនោះ គឺទស្សនៈ គោលការណ៍ និងគោលជំហររបស់មេដឹកនាំបក្សភ្លើងទៀន ផ្ទុយស្រឡះពី ឯកឧត្តម កឹម សុខា ហើយអ្នកនយោបាយអគុណធម៌មួយចំនួន នៃបក្សភ្លើងទៀន បានវាយប្រហារ និងប្រមាថមកលើលោក រួមទាំងអ្នកវិភាគរត់ចោលស្រុក ឈ្មោះ សេង សារី”។

លោកបន្ថែមថា ម្យ៉ាងវិញទៀត ប្រមុខរាជរដ្ឋាភិបាលធ្លាប់បានថ្លែងជាសាធារណៈថា អាជ្ញាធរមានភស្តុតាងរឹងមាំរួចហើយ អំពីការជាប់ពាក់ព័ន្ធ រវាងមេដឹកនាំបក្សភ្លើងទៀន និង លោក សម រង្ស៉ី ព្រមទាំងអ្នកនយោបាយទណ្ឌិតនៅក្រៅប្រទេស។

លោកបញ្ជាក់ទៀតថា”យើងខ្ញុំថាទាំងមេស្ថាបនិក និងមេដឹកនាំបក្សភ្លើងទៀនដែលមានតែឈ្មោះគ្មានអំណាច បញ្ឍប់ចេតនាទុច្ចរិតរបស់ពួកគេ”៕ ដោយ៖​​ ពុទ្ធិពល