ភ្នំពេញ៖ បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) ត្រូវបានដាក់ក្នុងចន្លោះ១គីឡូម៉ែត្រមួយបង្គោល សម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ អំពីចម្ងាយផ្លូវទៅតំបន់សំខាន់ៗខាងមុខ។
ចំណុចលេខ១៖ លេខ 299 ដែលមានបញ្ជាក់នៅលើផ្ទៃក្រហមនេះ មានន័យថាជាបង្គោលគីឡូម៉ែត្រទី 299 ឬបានចម្ងាយប្រវែង 299 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើមចេញរាជធានីភ្នំពេញ (ទីតាំងវត្តភ្នំ)។
ចំណុចលេខ២៖ លេខ 5 ដែលមានបញ្ជាក់ក្នុងទ្រង់ទ្រាយរាងដូចនេះ គឺប្រើប្រាស់សម្រាប់កំណត់ប្រភេទផ្លូវជាតិ ដែលនេះមានន័យថា បង្គោលសញ្ញានេះស្ថិតលើផ្លូវជាតិលេខ5។
ចំណុចលេខ៣៖ កកោះ (Kor Koh) 50km ដែលមានបញ្ជាក់នៅលើផ្ទៃពណ៌-ស នេះ បានន័យថានៅចម្ងាយ 50km ទៀតអ្នកនឹងធ្វើដំណើរទៅដល់ឃុំកកោះ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សូមប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវមានការអធ្យាស្រ័យខ្ពស់រវាងគ្នា និងគ្នា ដើម្បីឱ្យការធ្វើដំណើររបស់បងប្អូន ទទួលបានភាពងាយស្រួល និងមានសុខសុវត្ថិភាព។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើសុំការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ក្នុងករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំ ឬមានជង្ហុកសំបុកមាន់ ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការបានទាន់ពេលវេលា៕ ដោយ៖ ពុទ្ធិពល