ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឱ្យដឹងថា ការអនុវត្តមកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានរយៈពេល ៣២លើក អស់ថវិការដ្ឋចំនួន ៣,៨៥១,៨៩០,៨៣១,០០០ រៀល ស្មើនឹង ៩៦២.៩៧ លានដុល្លារអាមេរិក។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ជន និង យុវនីតិសម្បទា ចុះថ្ងៃទី ២៤ ខែកុម្ភៈ ឱ្យដឹងថា ព្រមជាមួយគ្នានេះផងដែរ សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី១២ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ មានរយៈពេល ៣០ថ្ងៃ ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្ដើមដំណើរការអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ១២ជុំ មាន ៣២លើក រួចមកហើយ ៕ ដោយ៖ ពុទ្ធិពល