FATF សម្រេចដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសខាងលាងលុយកខ្វក់

បារាំង/ ប៉ារីស៖ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសម្រេចដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ជាផ្លូវការ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យ កំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្ត្រ នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំង នឹងការលាងលុយ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយអាវុធនុយក្លេអ៊ែរ»។

FATF បន្តថា «ប្រទេសថ្មីៗដែលស្ថិតនៅក្រោមកម្មវត្ថុ នៃការបង្កើនការត្រួតពិនិត្យ រួមមានអាហ្វ្រិកខាងត្បូង និងនីហ្សេរីយ៉ា។ ប្រទេសម៉ារ៉ុក និងកម្ពុជា លែងជាកម្មវត្ថុនៃការត្រួតពិនិត្យបន្ថែមទៀតដោយ FATF ទៀតហើយ»។

ក្នុងឱកាសអញ្ជើញ បើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងស្វាគមន៍ និងចាត់ទុកដំណឹងនេះពិតជាល្អសម្រាប់កម្ពុជា ប៉ុន្តែស្របពេលជាមួយនឹងអ្វីដែលទទួលនេះ ក៏មិនត្រូវភ្លេចខ្លួនផងដែរ ក្នុងការបន្តការពារកម្ពុជាក្នុងកិច្ចសហការជាមួយអង្គការ FATF ។

FATF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីប៉ុន្មានឆ្នាំមុន បានសម្រេចដាក់កម្ពុជាក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់ដែលពិភពលោកត្រូវបង្កើនការតាមដាន ហើយបន្ទាប់មកទៀត កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ អង្គការអន្តរជាតិមួយនេះក៏បានបន្តសម្រេចដាក់កម្ពុជាក្នុង«បញ្ជីប្រផេះ»ទៀត ៕
ដោយ៖ ពុទ្ធិពល