នាវាទេសចរណ៍សញ្ជាតិ Marshall Island ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

ព្រះសីហនុ៖ នាវាទេសចរណ៍ ឈ្មោះ Seven Seas Explorer សញ្ជាតិ Marshall Island ដែលមានប្រវែងបណ្តោយ ២២៣,៧០ ម៉ែត្រ ប្រវែងទទឹង ៣១ ម៉ែត្រ ជម្រៅ -៧,២០ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ យសុវត្ថិភាពនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ ការចូលចតរបស់នាវាទេសចរណ៍នេះ ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៥៣៩ នាក់ (ស្រី ៣១៩នាក់) មាន៤១សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៦១៧ នាក់ (ស្រី ៣១៩ នាក់) មាន ២៤ សញ្ជាតិ។

ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមាន ៤០៤ នាក់ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ៥ ល្ងាច នាថ្ងៃខែឆ្នាំដដែល៕
ដោយ៖ ពុទ្ធិពល