ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋបាលនិងសោតទស្សន៍ នៃក្រសួងព័ត៌មានលោក ផុស សុវណ្ណ បានអំពាវនាវឲ្យសារព័ត៌មានកម្ពុជា និងចិន ដែលកំពុងបម្រើការនៅកម្ពុជា បន្តចូលរួមផ្សព្វផ្សាយព័ត៌មានពិត និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា តាមគ្រប់លទ្ធភាព ក្នុងវិជ្ជាជីវៈរបស់ខ្លួន។
ការថ្លែងអំពាវនាវរបស់លោក ផុស សុវណ្ណ បែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញ ចូលរួមវេទិកាពិភាក្សាតុមូលក្រោមប្រធានបទ “រួមគ្នាប្រឆាំង ព័ត៌មាន ក្លែងក្លាយ នៅក្នុងប្រទេសកម្ពុជា” ដែលរៀបចំសមាគមអ្នកសារព័ត៌មានកម្ពុជាចិន (សសកច-CCJA) នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។ វេទិកានេះដែរធ្វើឡើងនាទីស្នាក់ការកណ្តាល សសកច នៅអគារសមាគមសម្ព័ន្ឋខ្មែរចិននៅកម្ពុជា សាលប្រជុំជាន់ទី២ ស្ថិតក្នុងបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
កិច្ចពិភាក្សាក៏មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា លោក សយ សុភាព ប្រធាន លោក លីវ ស៊ាវគ័ង ព្រមទាំងសមាជិកគណៈកម្មាធិនាយកនៃសសកច និងអ្នកសារព័ត៌មានមកពីបណ្តាអង្គភាពនានានៅកម្ពុជា។
នាឱកាសនោះលោក ផុស សុវណ្ណ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងតាមគ្រប់ទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន នៅ កម្ពុជា។ “ក្រសួងបានបង្កើតយន្តការជាច្រើន តួយ៉ាងគ្រុបតេឡេក្រាម ៣០០០ និងបន្តធ្វើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន” ដែលនឹងចេញព្រមគ្នាជាមួយ សេចក្តីព្រាងច្បាប់ផ្សេងទៀត រៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ ដែលយន្តការផ្លូវច្បាប់”។
លោក សយ សុភាព ប្រធានសសកច ក៏បានលើកឡើងផងដែរថា ក្នុងនាមសសកច និងក្នុងនាមលោកផ្ទាល់ បានចូលរួមជាមួយក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមគ្រប់លទ្ធភាពដែលខ្លួនមាន ជាពិសេសបន្តជំរុញការផ្សព្វផ្សាយលើកកម្ពស់ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា-ចិន ក៏ដូចជាភ្ញៀវទេសចរ និងវិនិយោគិនចិន៕ ដោយ៖ រិន ចំរើន