អាជ្ញាធរជាតិអប្សរាសហការជាមួយព្រះសង្ឃ សាលារៀន និងវិស័យឯកជនដាំដើមឈើ ២,០០០ដើម និងដាំស្មៅ លើផ្ទៃដីជិត២ហិកតានៅបរិវេណខាងជើងត្រពាំងសេស

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាអនុគណក្រុងសៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុនULS ក្រុមហ៊ុនAJE បានធ្វើយុទ្ធនាការដាំដើមឈើចម្រុះ ចំនួនប្រមាណ២,០០០ដើម និងដាំស្មៅ លើផ្ទៃដីសរុបជិត២ហិកតា នាបរិវេណខាងជើងស្រះត្រពាំងសេស ក្នុងគោលបំណងកែលម្អរដីទំនេរ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល។

ក្នុងពិធីដាំដើមឈើនា ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង អនុគណក្រុងសៀមរាប មានថេរដីការក្នុងឱកាសនោះថា ទេសភាពវប្បធម៌នៅក្នុងតំបន់រមណីយដ្ឋានអង្គរបច្ចុប្បន្នមានភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ក្រោមការយកចិត្តទុកដាក់ថែទាំ ពីសំណាក់អាជ្ញាធរជាតិអប្សរា។

ព្រះអង្គមានថេរដីការបន្តទៀតថា យុទ្ធនាការដាំដើមឈើ និងស្មៅ នៅទីនេះក្រោយពេលប្រជាជនមួយចំនួន បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី ដែលរាជរដ្ឋាភិបាលបានគាំទ្រនិងផ្តល់ជូន។ ព្រះអង្គមានថេរដីការទៀតថា ការចូលរួមគ្រប់មជ្ឈដ្ឋាន រួមទាំងព្រះសង្ឈ សិស្សានុសិស្ស វិស័យឯកជននានា គឺជាការចូលរួមចំណែកថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរ ឱ្យកាន់តែល្អប្រសើ។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានថ្លែងថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសាកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះការងាររៀបចំសោភ័ណភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែលត្រូវគិតគូខ្ពស់។ លោក បន្តថា អនុវត្តតាមទិសដៅ និងការចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារតម្រង់ទិស បានណែនាំឱ្យមានការដាំដើមឈើ និងស្មៅឡើងវិញ ដើម្បីរក្សាភាពស្រស់ស្អាត។ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញ ពីតំបន់អង្គរទៅរស់នៅទីតាំងថ្មី ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

លោក បញ្ជាក់ទៀតថា ការដាំដើមឈើនិងស្មៅ នៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះ ព្រោះថានៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ។ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ។ ខណៈក្នុងខែមេសាខាងមុខនេះ នឹងមានប្រារព្ធធ្វើនូវព្រឹត្តិការណ៍អង្គរសង្រា្កន្ត ដោយរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាយ៉ាងច្រើនកុះករ៕ ដោយ៖ ពុទ្ធិពល