សម្តេច ហ៊ុន សែន ចង់ឃើញបន្ថែមស្ត្រីមានតួនាទីជាថ្នាក់ដឹកនាំ ខេត្ត ស្រុក ខណ្ឌឲ្យច្រើន

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា សម្តេចចង់ ឃើញ មានការបន្ថែមចំនួនស្ត្រីឲ្យកាន់តួនាទីជាថ្នាក់ដឹកនាំ ខេត្ត ស្រុក ខណ្ឌ ច្រើនដែលចំណុចនេះត្រូវយកចិត្តទុកដាក់។

ក្នុងពិធីបិទសន្និបាទក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ បានលើកឡើងថាកំលាំងមូលដ្ឋានគឺកំលាំងស្នូលដែលជួយដោះស្រាយបញ្ហាជូនប្រជាជនទាន់ពេលវេលាដោយមានអន្តរាគមន៍ជួយដោយកំលាំងទ័ពឈរជើងនៅទីនោះ។ ដូច្នេះសម្តេចនៅតែជំរុញលើកទឹកចិត្តដល់ការបែងចែក ផ្ទេរមុខងារអំណាចទៅឲ្យមូលដ្ឋាន ហើយការផ្ទេរអំណាចនេះ រាប់ទាំងបញ្ហាហិរញ្ញវត្ថុ និងដំណើរការរៀបចំចាត់ទាំងមន្ត្រីផងដែរ។

សម្តេចបញ្ជាក់ថា «ថ្នាក់ជាតិយើងបានធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនអាសនៈឲ្យរាជធានី ខេត្ត ស្រុក ខណ្ឌ សំដៅដល់ការរ៉ាប់រងការងារដល់ច្រើនផ្ទេរពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន បានទទួល។ ប៉ុន្តែខ្ញុំមានការសង្កេតមួយ នៅពេលប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ការស្នើសុំតែងតាំងមុខតំណែងថ្មីថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុកគឺមានចំនួនស្ត្រីតិចពេលហើយ»។

ចំពោះបញ្ហាស្ត្រីតិចនេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ខ្ញុំសូមពិនិត្យមើលថាអភិបាលរងប៉ុន្មានបានតែងតាំតែថ្មីៗនេះ ដូចជាមានស្ត្រីចំនួនតិចពេកហើយ ។ អាហ្នឹងថ្នាក់ខេត្តត្រូវតែងតាំងអភិបាលរង៣នាក់ ឬ២នាក់ យ៉ាងតិច ប៉ុន្តែយើងឃើញស្ត្រី តិចពេកហើយ ឬនៅថ្នាក់ស្រុកកាន់តែតិចទៀត។ បញ្ហានេះទាំងខ្ញុំក្តី ទាំងសម្តេច ក្រឡាស ខេងក្តី យើងផ្តល់អំណាចដល់មូលដ្ឋានជ្រើសរើសតាមរយៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត ក៏ប៉ុន្តែសំណើរពីមូលដ្ឋានមិនបានឆ្លុះបញ្ចាំពីបញ្ហាយែនឌ័រនោះទេ»។

សម្តេចបានលើកឡើងថា ការស្នើសុំដាក់បេក្ខភាពជាស្ត្រីក្នុងថ្នាក់មូលដ្ឋានមិនត្រូវបានហាមឃាត់នោះទេ ដូចជាគ្រូបង្រៀន សាស្ត្រាចារ្យជាប្រភពត្រូវជ្រើសរើសដោយផ្ទេរក្របខណ្ឌ មកទទួលជាអភិបាលរង ខេត្ត ឬអភិបាលរងស្រុក គឺធ្វើទៅបាន បញ្ហានេះស្នើទៅ ថ្នាក់ជាតិផងដែរ។
សម្តេចតេជោក៏បានស្នើឲ្យមានការរកវិធីតែងតាំងបេក្ខភាពជាស្ត្រីឲ្យបានច្រើន ដោយមិនចាំធ្វើជាការឃោសនាបោះឆ្នោតនោះទេ គឺត្រូវធ្វើតាមភាពជាក់ស្តែង។

សម្តេច ក៏បានលើកឡើងថា ប្រសិនបើមានការជ្រើសរើសនៅស្ថាប័ននាយកដ្ឋានណាមួយ គួរស្នើសុំឲ្យបេក្ខជនជាស្ត្រីប្រឡងផ្ទៃក្នុងជ្រើសរើសថ្នាក់អនុប្រធាននាយកដ្ឋានបាន ហើយថ្ងៃក្រោយអាចមានលទ្ធភាពអាចឡើងជាប្រធាននាយកដ្ឋានតែម្តង។

សម្តេចបន្ថែមថា បេក្ខភាពជានារីក្នុងតួនាទីអភិបាលរង ខេត្ត ក្រុង ស្រុក ខណ្ឌទាមទារក្នុងក្របខណ្ឌដូចជា សាស្ត្រចារ្យខ្លះមានសញ្ញាបត្រ អាចមានលទ្ធភាពសម្រាប់ចូលរួម “យើងចង់ឲ្យមានបេក្ខភាពជាស្ត្រីនៅគ្រប់កម្រិត” ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ស្រ្តីដែលកាន់តំណែងជាអភិបាលខេត្តមានតែ២ប៉ុណ្ណោះ គឺនៅខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ និងខេត្តកោះកុង លោកស្រី មិថុនា ភូថង ៕
ដោយ៖ រិន ចំរើន