គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេចបានជិត ២២% ហើយ

កោះកុប៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីPK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើគិតមកទល់បច្ចុប្បន្នសម្រេចការសាងសង់បានជិត២២% ហើយ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពេលដឹកនាំគណ:ប្រតិភូក្រសួង ចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ នៅថ្ងៃទី ២៣ ខែកុម្ភៈនេះឱ្យដឹងថា តួលេខនេះមានភាពយឺតយ៉ាវជាងផែនការបន្តិច ពីព្រោះតែមានបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាអាកាសធាតុ បញ្ហាការរាលដាលនៃជម្ងឺកូវីដ-១៩ ការចល័តគ្រឿងចក្រមកសាងសង់យឺត និងបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) ជាដើម។

ឆ្លើយតបនឹងពាក្យចចាមអារ៉ាម ដែលបានលើកឡើងថា ក្រុមហ៊ុនម៉ៅការសាងសង់បានដកខ្លួនចេញពីគម្រោងការងារនេះ លោក ទេសរដ្ឋមន្ត្រី បញ្ជាក់ថា គឺមិនមានរឿងដូចដែលលេចលឺនោះឡើយ។ ជាក់ស្តែងក្នុងពេលនេះស្រាប់ យើងបានឃើញហើយថា ក្រុមហ៊ុនម៉ៅការសាងសង់ ILSUNG & HANIL កំពុងបន្តអនុវត្តការងារយ៉ាងសកកម្មទៅតាមផែនការ បើទោះបីជាមានបញ្ហាប្រឈមបន្តិចបន្តួច ដូចដែលបានរៀបរាប់ខាងលើ ដែលនាំឱ្យមានការយឺតយ៉ាវក៏ដោយ។

គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋានកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយក្នុងផែនការត្រូវចំណាយរយៈពេលសាងសង់ចំនួន៣២ខែ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់០៧ស.ម និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ ដែលមានកម្រាស់ ២៥ស.ម ក្រោមទំហំទឹកប្រាក់ប្រមាណជាង៧៨លានដុល្លារអាមេរិក៕ ដោយ៖ ពុទ្ធិពល