JICA ប្រគល់សេចក្តីព្រាងប្រកាស និងសេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេស ជូនក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប្រគល់សេចក្តីព្រាងប្រកាស និងសេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេស ជូនក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមជាមួយសេចក្តីព្រាងដីកាជូនដល់សាលារាជធានីភ្នំពេញដើម្បីពិនិត្យនិងប្រើប្រាស់។

ការប្រគល់ឱ្យខាងលើនេះ ធ្វើឡើងនៅថ្ងៃទី ២៣ ខែកុម្ភៈ ២០២៣ នៅក្នុងកិច្ចប្រជុំលើកទី៤ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូនរបស់ គណៈកម្មាធិការសម្របសម្រួលរួម (Joint Coordinating Committee)។

លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងពីគម្រោងមួយចំនួនដែលក្រសួង និងគណៈកម្មធិការបានសហការជាមួយពីភ្នាក់ងារJICA ក្នុងវិស័យទឹកកខ្វក់ តាមរយៈជំនួយឥតសំណងមួយចំនួនដូចជា៖ គម្រោងការពារទឹកជំនន់មួយចំនួន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ដែលបានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងរាជធានីភ្នំពេញជាដើម។

លោកបន្តថា លើសពីនេះ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន និងទីភ្នាក់ងារការងារប្រព័ន្ធលូជប៉ុន បានកំពុងបន្តដំណើរការសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ត្រើយខាងកើតទន្លេក្នុងក្រុងសៀមរាប និងក្រុងស្វាយរៀង ដោយផ្អែកលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យគ្រប់គ្រងប្រព័ន្ធទឹកខ្វក់ និងការផ្លាស់ប្តូរបច្ចេកទេសក្នុងវិស័យទឹកកខ្វក់នៃប្រទេសទាំងពីរ។

លោករដ្ឋលេខាធិការប្រចាំការក៏បានលើកឡើងបន្ថែមពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ក្រសួង ដែលបានដើរស្របគ្នាយ៉ាងល្អជាមួយនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃនីតិកាលទី៦ នៃរដ្ឋសភា ២០១៨-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទាក់ទងនឹងការងារអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការលើកកម្ពស់គុណភាព ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង និងទីប្រជុំជន តាមរយៈការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យឱ្យកាន់តែប្រសើរឡើង ជួយលើកកម្ពស់ការអភិវឌ្ឍក្នុងទីក្រុង។

ជាមួយគ្នានេះលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអ្នកទទួលបន្ទុកការងារគម្រោង ក៏បានលើកឡើងពីសារៈសំខាន់របស់គម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់នេះ ដែលនឹងក្លាយជាផ្នែកដ៏សំខាន់មួយនៃផែនការនាពេលអនាគត សម្រាប់ការកែលម្អបរិស្ថាន ដើម្បីលើកកម្ពស់ជីវភាព និងសុខភាពសាធារណៈ។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន ក្រុមការងារ JICA ដែលបានខិតខំប្រឹងប្រែងក្នុងការជំរុញការសហការជាមួយកម្ពុជាលើគ្រប់វិស័យ ពិសេសលើវិស័យប្រព័ន្ធទឹកកខ្វក់នេះ សម្រាប់គោលដៅនាពេលអនាគតរបស់កម្ពុជា។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម (Joint Coordinating Committee) លើកទី៤ នៃ “គម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន” ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ត្រូវបានរៀបចំឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ លទ្ធផលសំខាន់ៗ និងផែនការសកម្មភាពរបស់គណៈកម្មាធិការសម្របសម្រួលរួមគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើកទី៤នេះ ដែលក្នុងនោះរួមមាន ការពិនិត្យរៀបចំអភិវឌ្ឍន៍ក្របខណ្ឌច្បាប់ពាក់ព័ន្ធ និងឯកសារគតិយុត្តផ្សេងៗត្រូវបានចាត់ទុកជាអាទិភាពការងារចម្បងរបស់ក្រុមការងារដើម្បីសម្របសម្រួលលើការងារប្រតិបត្តិការ និងគ្រប់គ្រងទឹកកខ្វក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

ដោយ៖ ពុទ្ធិពល