លោក លី ច័ន្ទតុលា ធ្វើបទឧទេ្ទសនាម ស្តីពី «គោលការណ៍ធំៗនៃច្បាប់» ​ ជូនដល់អង្គរក្សពិសេសចំនួន ៥៧០រូប

កំពង់ស្ពឺ៖ លោក លី ច័ន្ទតុលា ប្រធានគណ:មេធាវីកម្ពុជាកាលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣បានចូលរួមធ្វើបទឧទេ្ទសនាម ស្តីពី «គោលការណ៍ធំៗនៃច្បាប់» ជូនដល់មន្រ្តីមជ្ឈមណ្ឌល និងសិក្ខាកាមវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៥ ចំនួន ៥៧០រូប នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់នៃបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោក លី ច័ន្ទតុលា បានបង្ហាញបទឧទេ្ទសនាមអំពីលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា ស្ថាប័នធំៗមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ តួអង្គសំខាន់ៗនៃអង្គតុលាការ និងការទទួលខុសត្រូវផ្នែកច្បាប់។

ជាមួយគ្នានេះដែរ​ លោកប្រធានគណ:មេធាវីកម្ពុជា ក៏បានអរគុណ លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ចំពោះការអញ្ជើញ លោក មកធ្វើបទឧទេ្ទសនាមផ្សព្វផ្សាយអំពីគោលការណ៍ច្បាប់ និងអរគុណសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ កត់ត្រានូវចំណុចសំខាន់ៗ ដែលឯកឧត្តមបានធ្វេីបទបង្ហាញ។

សូមបញ្ជាក់ថា មុនចាប់ផ្តេីមធ្វេីបទឧទ្ទេសនាម លោក យ៉ាត ទូច មេបញ្ជាការរង និងជានាយខុទ្ទកាល័យបញ្ជាការដ្ឋានអង្គរក្សបានទទួលស្វាគមន៍ និងការធ្វើរបាយការណ៍អំពីស្ថានភាពភូមិសាស្រ្ត និងសកម្មភាពការងារហ្វឹកហ្វឺន ដោយ លោក យីប កូយ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ ព្រមទាំងបានជូន លោក ប្រធានគណ:មេធាវី និងប្រតិភូអមដំណើរធ្វើទស្សនកិច្ច ស្ទូឌីយោថតភាពយន្ត និងសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមី” និងទស្សនកិច្ចអគារទីចាត់ការ បណ្ណាល័យ ព្រមទាំងសមិទ្ធផលនានានៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន ផងដែរ៕