សម្តេច ស ខេង៖ ការលើកកម្ពស់ឧត្តមគតិស្នេហាជាតិដ៏បរិសុទ្ធគឺជាចំណុចសំខាន់បំផុតរបស់យុវជន

 

សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ការលើកកម្ពស់ឧត្តមគតិស្នេហាជាតិដ៏បរិសុទ្ធគឺជាចំណុចសំខាន់បំផុតរបស់យុវជន ក្នុងនោះក៏រួមទាំងការតម្កល់ផលប្រយោជន៍ជាតិជាធំដែរ។ នេះបើយោងតាមផេកផ្លូវការរបស់សម្តេចដែលបានបង្ហោះនៅថ្ងៃទី៣០ មករា នេះ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ លើកទិសដៅឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣០ មករា នេះ សម្តេច ស ខេង បានគូសបញ្ជាក់ថា “ក្នុងនាមជាយុវជនគណបក្ស គឺត្រូវគោរពប្រតិបត្តិឱ្យបានល្អតាមរដ្ឋធម្មនុញ្ញ គោរពអនុវត្តឱ្យបាននូវគោលនយោបាយគណបក្ស ជាមួយគ្នានេះ ត្រូវចេះក្ដាប់ឱ្យបាននូវស្ថានការណ៍ប្រែប្រួលទាំងឡាយដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន”។

សម្ដេច បានបន្តថា ការរៀនសូត្រក្នុងន័យសម្រាប់ក្រុមយុវជនគណបក្ស គឺការរៀនសូត្រអំពីជីវភាពប្រជាពលរដ្ឋ ដើម្បីដុសខាត់សមត្ថភាពឱ្យចេះដោះស្រាយបញ្ហាប្រឈមទាំងឡាយ រួមទាំងការហ៊ានជំនះឧបសគ្គដើម្បីមានឱកាសទទួលបានបទពិសោធន៍។ ក្នុងនោះការសិក្សារៀនសូត្រដែលលទ្ធផលចុងក្រោយបញ្ជាក់អំពីកម្រិតតាមរយៈសញ្ញាបត្រគឺជារឿងល្អប្រសើរមួយហើយ ក៏ប៉ុន្តែការប្រតិបត្តិជាក់ស្ដែងគឺជាកិច្ចការចំាបាច់ដែលត្រូវតែដើរទន្ទឹមគ្នា។

សម្ដេចក៏បានណែនាំឱ្យក្រុមការងារយុវជនគណបក្សបន្តខិតខំរក្សាសាមគ្គីភាព កុំមើលបំណាំ និងច្រណែនគ្នាផ្ទុយទៅវិញត្រូវចេះជួយត្រេកអរ និងកែលម្អគ្នា។ សម្ដេចក៏បានផ្ដល់ទស្សនៈទានអំពីពាក្យ បញ្ចូល បញ្ចេះ បញ្ជា បញ្ជោ និងបញ្ចប់។ សម្តេច ថា បញ្ចូលគឺអាចសំដៅដល់ការរៀបចំឱ្យចូលមកបំពេញភារកិច្ច បន្ទាប់មកបញ្ចេះគឺបង្រៀនអ្នកដែលចូលមកនោះឱ្យចេះបំពេញភារកិច្ច ចំណែកបញ្ជាគឺណែនាំឱ្យបំពេញភារកិច្ច ហើយបញ្ជោគឺការលើកទឹកចិត្ត ខណៈបញ្ចប់ គឺសំដៅដល់ការរៀបចំឱ្យចូលនិវត្តន៍ ឬដាក់វិន័យ បន្ទាប់ពីបញ្ចប់ភារកិច្ច ឬប្រសិនបើមានកំហុស៕