សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ សម្រេចជ្រើសរើសជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាប់ ឆ្នាំ២០២២ ដែលពិធីប្រគល់នេះគឺត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ នេះបើយោងតាមលិខិតរបស់ប្រធានមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
ក្នុងលិខិតរបស់លោក Thomas G. Walsh ប្រធានមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ បានបញ្ជាក់ពីហេតុផលដែលសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាទទួលបានពានរង្វាន់មួយនេះ។ លោក ថា “សម្តេចតេជោត្រូវបានជ្រើសរើសសម្រាប់ទទួលពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការដឹកនាំរបស់សម្តេចពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឃសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល”។
សម្តេចនាយករដ្ឋមន្ត្រី ក៏ត្រូវបានគណៈកម្មាធិការទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិកផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាពស៊ុនហាក់។
សូមបញ្ជាក់ជូនថា ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ ត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិដែលជាអាចជាគំរូមួយធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើង សម្រាប់មនុស្សជំនាន់ក្រោយ។
ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក ស៊ុន ម្យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន៕