ថ្លែងទៅកាន់លោកស្រី MonA Juul ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះតាមប្រព័ន្ធវីដេអូ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលកន្លងទៅនេះ គឺជាការទម្លុះទម្លាយភាពជាប់គាំងនៅមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៩ មករា នេះ។
ការលើកឡើងរបស់ប្រមុខការបរទេសកម្ពុជាខាងលើនេះ គឺត្រូវបានគេឃើញថា ធ្វើឡើងបន្ទាប់ពីមានការបកស្រាយ និងពន្យល់ខ្វែងគំនិតគ្នាជុំវិញដំណើរបេសកកម្មការទូតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។
បើតាមប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា “ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីយើងខ្ញុំទៅកាន់ទីក្រុងនៃពិដោ គឺជាបេសកកម្មដើម្បីទម្លុះទម្លាយភាពជាប់គាំង។ ទស្សនកិច្ចនេះ មានគោលបំណងដើម្បីកសាងទំនុកចិត្ត ការជឿជាក់ និងការយោគយល់គ្នា”។
បន្ថែមពីនេះទៀត លោក ប្រាក់ សុខុន មានជំនឿថា ដំណើរបេសកកម្មរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ ក៏អាចដើរតួនាទីជាការបោះជំហានដ៏រឹងមាំមួយឆ្ពោះទៅរកវឌ្ឍនភាពបន្ថែមទៀតរបស់ប្រទេសមីយ៉ាន់ម៉ា។ ត្រង់ចំណុចនេះ លោក ថា “សម្តេចតេជោ បានទៅទីនោះដើម្បីដាំដើមឈើ ជាដើមឈើសម្រាប់សន្តិភាព និងការផ្សះផ្សាជាតិ។ វាត្រូវការពេលវេលាភាពអត់ធ្មត់ និងការអនុវត្តជាក់ស្តែង មុនពេលគេអាចប្រមូលផលពីដើមឈើនោះបាន”៕