សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២នេះ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាពនេះឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចជាធម្មតា។ សម្តេច បានលើកឡើងបែបនេះ ក្នុងឱកាសនៃការអញ្ជើញទទួលវ៉ាក់សាំង៣០ម៉ឺនដូសជាជំនួយរដ្ឋាភិបាលប៉ូឡូញ នៅព្រឹកថ្ងៃ អាទិត្យ ទី៣០ មករានេះ។
សម្តេច បានគូសបញ្ជាក់ថា “កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃខ្ពស់ចំពោះ ការជួយចែករំលែកវ៉ាក់សាំងគ្នា ទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿនការចាក់វ៉ាក់សាំង នៅទូទាំងសកលលោក”។
សម្រាប់សម្តេចនាយករដ្ឋមន្រ្តី ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះ ក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅ បញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩ និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព។
សូមជម្រាបជូនថា ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល២៦ថ្ងៃជាប់គ្នាហើយ។ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៥៧នាក់ ក្នុងនោះករណីនាំចូលចំនួន១៣នាក់ និងឆ្លងក្នុងសហគមន៍៤៤នាក់, អ្នកជំងឺចំនួន៦៥នាក់ជាសះស្បើយ។
គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,២៩៩នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,៤២៨នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕