លោក ជិន ម៉ាលីន នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមការពាររបាយការណ៍ជាតិនៅសប្ដាហ៏ក្រោយនេះ នៅក្នុងប្រទេសស្វីស

ភ្នំពេញ៖ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងសម័យប្រជុំលើកទី៧៣ នៃគណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី ១៦ ខែកុម្ភៈនេះឱ្យដឹងថា លោក ជិន ម៉ាលីន នឹងធ្វើជា តំណាង ឱ្យ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា នឹងដឹកនាំគណៈប្រតិភូចំនួន៧រូប ៣រូបពី គ.ស.ម.ក. និងគណៈប្រតិភូ អន្តរក្រសួងចំនួន ៤រូប រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកម្មវិធីខាងលើ។

សេចក្តីប្រកាសព័ត៌មាននេះបន្តថា កម្ពុជាបានដាក់របាយការណ៍ផ្គួបលើកទី៥ ទី៦ និងទី៧ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅខែតុលា ឆ្នាំ២០១៩ និងបានផ្ញើជូននូវការឆ្លើយតបទៅនឹងបញ្ជីបញ្ញ (List of Issues) នៃកតិកាសញ្ញានេះ កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ អង្គការសហប្រជាជាតិ ដែលត្រូវធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង សម្រាប់តាមដាននិងការធ្វើឱ្យប្រសើឡើងនូវ ស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេសទាំងអស់ដែលជាសមាជិកនៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌នេះ។

លោកក ជិន ម៉ាលីន បានថ្លែងអំណរគុណ ចំពោះ លោក កែវ រ៉េមី ដែលតែងតែផ្តល់នូវសេចក្តីទុកចិត្តនិងឱកាសឱ្យលោក ក្នុងការដឹកនាំការងារដ៏មានសារៈសំខាន់នេះ ខណៈព្រឹកនេះ គណៈប្រតិភូបានជួបជាមួយ លោក កែវ រ៉េមី ដែលលោកចាត់ទុកជាប្រធានមេទ័ពធំ ដើម្បីទទួលបាននូវអនុសាសន៍មួយចំនួនអំពីយុទ្ធសាស្រ្ត និងខ្លឹមសារ ត្រៀមលក្ខណៈមុននឹងដឹកនាំទ័ពចេញទៅច្បាំង៕ ដោយ៖ ពុទ្ធិពល