រាជរដ្ឋាភិបាលគ្រោងធ្វើយុទ្ធនាការជំរឿនកសិកម្មឆ្នាំ ២០២៣ ក្នុងរាជធានី-ខេត្តទាំង២៥

ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងផែនការ គ្រោងធ្វើយុទ្ធនាការជំរឿនកសិកម្មនៅទូទាំងប្រទេស ២៥រាជធានីខេត្ត ចាប់ពីថ្ងៃទី០១ ដល់ទី៣០ ខែមេសា ឆ្នាំ២០២៣ ក្នុងគោលបំណង ដើម្បីរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ចបរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និងសុខមាលភាពរបស់ប្រជាជនកម្ពុជា។

លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការថ្លែងក្នុងកិច្ចប្រជុំស្តីពីដំណើរការ និងការប្រព្រឹត្តទៅនៃជំរឿនកសិកម្មនៅរាជធានីខេត្តទាំង២៥ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ថ្លែងថា ការងារជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០២៣ គឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់បំផុត ក្នុងការរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ចបរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និងសុខមាលភាពរបស់ប្រជាជនកម្ពុជា ហើយនិងជាសូចនាករយ៉ាងសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យ វាយតម្លៃលើកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តនៃការលុបបំបាត់ភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs)ឆ្នាំ២០១៦-២០៣០។

លោកបន្ថែមថា ការងារជំរឿនកសិកម្មឆ្នាំ២០២៣ គឺត្រូវបានអនុញ្ញាតឱ្យធ្វើជាលើកទីពីរ (បន្ទាប់ពីជំរឿនកសិកម្មលើកទី១នៅឆ្នាំ២០១៣)ដែលឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេសពីដៃអភិវឌ្ឍន៍អង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ ( FAO) និងគាំទ្រថវិកាទាំងស្រុង ពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តការងារជំរឿនកសិកម្មឆ្នាំ២០២៣ ដែលមានវិសាលភាពធំធេង ដោយផ្អែកតាមការប៉ាន់ស្មានចំនួនប្រជាជនកម្ពុជាមានកំណើនដល់ជាង ១៧ លាននាក់ ដែលមានប្រមាណ ៣,៩លានគ្រួសារ នៅឆ្នាំ២០២៣ ហើយនិងគ្រួសារប្រកបមុខរបរកសិកម្មនៅទូទាំប្រទេសកម្ពុជាមានប្រមាណជាង ២,៧លានគ្រួសារ។

លោកថ្លែងថា៖« ក្នុងន័យនេះ យើងត្រូវចុះអនុវត្ត ធ្វើការប្រមូលព័ត៌មានទិន្នន័យស្ថិតិគ្រួសារកសិកម្មឱ្យបានច្បាស់លាស់ ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ឆ្លើយតបតម្រូវការប្រើប្រាស់ទិន្នន័យ ដោយផ្អែកតាមបរិបទសេដ្ឋកិច្ច សង្គម ក្នុងតំបន់និងសកលលោក ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលនឹងនាំមកនូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដើម្បីធ្វើមូលដ្ឋានគ្រឹះធាតុចូលដ៏ល្អសម្រាប់រៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់»។

ជាមួយគ្នានេះ លោក បានណែនាំដល់ប្រធានមន្ទីរផែនការរាជធានី ខេត្តទាំងអស់ ត្រូវដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងដំណើរការអនុវត្តជំរឿនកសិកម្មឆ្នាំ២០២៣នេះ ដែលនឹងត្រូវចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលមន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍នៅតាមរាជធានី-ខេត្ត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងបន្តចុះយុទ្ធនាការជំរឿនកសិកម្មនៅទូទាំងប្រទេស ២៥រាជធានី៕