ក្រសួងរ៉ែបើកកិច្ចប្រជុំរៀបចំឯកសារក្របខ័ណ្ឌថ្នាក់ជាតិសម្រាប់ឆ្នាំ ២០២៤-២០២៩

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពលបានរៀបចំកិច្ចប្រជុំដំបូងដើម្បី រៀបចំឯកសារក្របខ័ណ្ឌថ្នាក់ជាតិ (Country’s Programme Framework-CPF) សម្រាប់ឆ្នាំ ២០២៤-២០២៩ ដើម្បីសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។

កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយមានវត្តមានចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងរ៉ែនិងថាមពល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យហ្លួងម៉ែ។

បើតាមក្រសួងរ៉ែ និងថាមពល កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យនិងពិភាក្សាលើការរៀបចំក្របខ័ណ្ឌកម្មវិធីថ្នាក់ជាតិ (Country’s Programme Framework-CPF) ដែលមានសង្គតិភាពនិងសុខដុមនីយភាពទៅនឹងគោលនយោយបាយនិងផែនការយុទ្ធសាស្រ្តថ្នាក់ជាតិពាក់ព័ន្ធផ្សេងៗ ដើម្បីលើកជាសំណើគម្រោងនិងផែនការកម្មវិធីសហប្រតិបត្តិការបច្ចេកទេសទៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) សម្រាប់អនុវត្តនៅឆ្នាំ ២០២៤-២០២៩៕ ដោយ៖ ពុទ្ធិពល