សម្តេច ហ៊ុន សែន៖ កម្ពុជា នឹងឲ្យអ្នកទោសឡាវ-ថៃ ត្រឡប់ទៅប្រទេសខ្លួន មុនចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានសម្រេចផ្ដល់អ្នកទោសជាជនជាតិឡាវ និងថៃ ដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជា ឲ្យត្រឡប់ទៅប្រទេសពួកគេមុនចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក សន សៃស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក្រោយជំនួបនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចបញ្ជាក់ថា «ខ្ញុំ ក៏បានប្រកាសជូន ឯកឧត្តម សន សៃស៊ីផាន់ដន ទាក់ទិនជាមួយការផ្លាស់ប្ដូរអ្នកទោស ហើយកម្ពុជាមិនចាំបាច់រង់ចាំធ្វើបរិការណ៍ទេ គឺកម្ពុជាសម្រេចនឹងផ្ដល់អ្នកទោសដែលជាប់នៅកម្ពុជាវិលត្រឡប់មកកាន់ប្រទេសឡាវនេះ ឲ្យបានមុនចូលឆ្នាំខ្មែរ»។

ជាមួយគ្នានេះដែរ សម្ដេច ក៏បានសម្រេចផ្ដល់អ្នកទោសជាជនថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជានោះ បញ្ជូនទៅប្រទេសខ្លួនវិញ មុខចូលឆ្នាំខ្មែរផងដែរ។

សម្ដេចនាយករដ្ឋមន្ដ្រី បន្ថែមថា «កម្ពុជា ក៏ធ្វើបញ្ហានេះដូចគ្នាដែរជាមួយនឹងព្រះរាជាណាចក្រថៃ ហើយជំរុញឱ្យរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដើម្បីជំរុញឲ្យអ្នកជាប់ទោស នៅកម្ពុជា ត្រឡប់មកប្រទេសថៃវិញ ឲ្យបានមុនចូលឆ្នាំខ្មែរ»។

សម្ដេចតេជោ ក៏បានណែនាំដល់សម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវធ្វើការងារជាមួយ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដើម្បីធ្វើកិច្ចការងារនេះបានឆាប់រហ័សបំផុត៕ ដោយ៖ រិន ចំរើន