ករណីបិទ VOD ! ស្ថានទូតបរទេស ២ ស្នើសុំទៅរដ្ឋាភិបាលឱ្យពិនិត្យឡើងវិញ

ភ្នំពេញ៖ ក្រោយពីក្រសួងព័ត៌មានប្រកាសលុបចោអាជ្ញាបណ្ណ វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ស្ថានទូតបរទេសប្រចាំកម្ពុជាចំនួន ២ គឺស្ថានទូតអូស្រ្តាលី និងសហរដ្ឋអាមេរិក បាន ចេញសេចក្តីថ្លែងការណ៍ ស្នើសុំទៅរដ្ឋាភិបាលពិនិត្យ និងអនុញ្ញាត ឱ្យស្ថាប័ននេះ ដំណើការឡើងវិញ។

ស្ថានទូតអូស្រ្តាលីឱ្យដឹងនៅថ្ងៃទី ១៣ ខែកុម្ភៈថា ក្នុងនាមជាប្រទេសប្រជាធិបតេយ្យដ៏សកម្ម អូស្ត្រាលីដឹងអំពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យ ជាពិសេសក្នុងការឈានទៅរកការបោះឆ្នោតអាណិត្តថ្មី។

ស្ថានទូតនេះបន្តថា ហេតុនេះហើយទើបយើងមានការព្រួយបារម្ភអំពីការបិទដំណើរការ វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នៅថ្ងៃនេះ។ អូស្ត្រាលីជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយូរណាស់មកហើយ។ យើងសង្ឃឹមថា VOD នឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។

ជាមួយគ្នានោះដែរ ស្ថានទូតអាមេរិកនៅភ្នំពេញ ក៏បានចេញសេចក្តីថ្លែងការណ៍ ឱ្យដឹងដែរថា «យើងមានការរំខានចិត្តជាខ្លាំង ដោយការសម្រេចចិត្តភ្លាមៗ ក្នុងការ ដកអាជ្ញាប័ណ្ណពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ VOD »។

ស្ថានទូតអាមេរិកបន្តថា សារព័ត៌មានដែលមានភាពសេរី និងឯករាជ្យ ដើរតួនាទីសំខាន់ ចាំបាច់ នៅក្នុងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវមួយ ដោយផ្តល់ឲ្យ សាធារណជន និងអ្នកសម្រេចចិត្ត ឲ្យដឹងការពិត ហើយធ្វើឲ្យ រដ្ឋាភិបាលមានការទទួលខុសត្រូវ។

ស្ថានទូតនេះ បញ្ជាកទៀតថា អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដែលសារព័ត៌មាន VOD បានធ្វើសេចក្តីរាយការណ៍ដោយមិនលម្អៀង ហើយឈរលើការ ពិត លើបញ្ហាដែលបម្រើប្រយោជន៍ប្រជាជនកម្ពុជា។យើងសូមអំពាវនាវឲ្យអាជ្ញាធរកម្ពុជាពិនិត្យមើលឡើងវិញ នូវការ សម្រេចចិត្តនេះ៕ ដោយ៖ ពុទ្ធិពល