លោក អុក សំរុង៖ មេឃុំត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់ចំពោះឯកសារនានាដែលដាក់ជូនមេឃុំចុះហត្ថលេខា ជាពិសេស លិខិតដែលទាក់ទងនឹងដីធ្លី

ព្រៃវែង៖ លោក អុក សំរុង អភិបាលរងនៃគណៈអភិបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានណែនាំឱ្យមេឃុំត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់ចំពោះឯកសារនានាដែលដាក់ជូនមេឃុំចុះហត្ថលេខា ជាពិសេស លិខិតដែលទាក់ទងនឹងដីធ្លី។ លោក សង្កត់ធ្ងន់ថា មិនត្រូវចេះតែចុះហត្ថលេខាតាមផ្លូវ តាមការស្នើសុំរបស់អ្នកភូមិនោះទេ។

លោកបានលើកឡើងបែបនេះក្នុងឱកាសប្រកាសបញ្ចប់វគ្គសិក្សា “ច្បាប់ភូមិបាល និងការគ្រប់គ្រងដីធ្លីថ្នាក់មូលដ្ឋាន” របស់រដ្ឋបាលឃុំព្នៅទី២ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ។

តែទោះបីជាយ៉ាងនេះក្តី លោកអភិបាលរង ក៏បានគូសបញ្ជាក់ថា លោកមេឃុំក៏មិនត្រូវត្រួតពិនិត្យយូរពេកដែរ រហូតដល់បង្ករការយឺតយ៉ាវដល់ប្រជាពលរដ្ឋអ្នកស្នើសុំនោះដែរ។
ដោយឡែកពាក់ព័ន្ធនឹងការងារបណ្តុះបណ្តាលវិញ លោកអភិបាលរង បានលើកឡើងថា កន្លងមក ក៏មានការបណ្តុះបណ្តាលដោយមន្ត្រីជំនាញថ្នាក់ជាតិ ដល់រដ្ឋបាលថ្នាក់ស្រុក និងឃុំដែរ កាលពីឆ្នាំ២០១៣។ លោកថា ដូច្នេះ ការបណ្តុះបណ្តាលនេះ ជាការបំពេញបន្ថែមចំណេះដឹង ចំពោះការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំ ដែលផ្តល់ទំនុកចិត្ត និងសុវត្ថិភាពកាន់តែខ្លាំងចំពោះអ្នកអនុវត្ត ចៀសវាងការចេញលិខិតទទួលស្គាល់សិទ្ធិភោគីឬម្ចាស់កម្មសិទ្ធិជាន់គ្នា បណ្តាលឱ្យអ្នកខូចខាតប្តឹងទាមទារឱ្យអាជ្ញាធរមូលដ្ឋានទទួលខុសត្រូវរដ្ឋប្បវេណី។

 

លោក ផាន់ ភឿន មេឃុំព្នៅទី២ បានលើកឡើងថា ក្នុងនាមអាជ្ញាធរឃុំ លោកសូមអរគុណដល់លោក ណុន វាសនា មន្ត្រីជាប់កិច្ចសន្យា និងលោក ណាវ ស្រ៊ាក សមាជិកក្រុមប្រឹក្សាឃុំព្នៅទី២ ដែលផ្តួចផ្តើមបង្កើតវគ្គសិក្សានេះឡើង និងជួយសម្របសម្រួលសិក្សាពីចម្ងាយ ។

លោក បន្តថា ទាំងរូបលោក និងសិក្ខាកាមដទៃទៀត ថ្វីត្បិតតែពុំទាន់អាចយល់ច្បាស់ស៊ីជម្រៅលើច្បាប់ភូមិបាល ដូចមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត តែនេះជាប្រទីបមួយដែលអាចឱ្យលោកយល់ដឹង និងដោះស្រាយបញ្ហាដីធ្លីនៅមូលដ្ឋានរបស់លោករលូនជាងមុន ត្បិតដីនៅឃុំរបស់លោក ពុំទាន់មានប័ណ្ណភោគៈនៅឡើយ។

ជាមួយគ្នានេះដែរ លោក អ៊ុត វណ្ណៈ នាយកមជ្ឈមណ្ឌលនីតិក្រម បានលើកឡើងថា លោកពិតជារីករាយណាស់ ដែលសាលាឃុំព្នៅទី២ បានទទួលស្គាល់ និងផ្តល់ជាកិត្តិយសដល់មជ្ឈមណ្ឌល ក្នុងការបណ្តុះបណ្តាលច្បាប់ភូមិបាល ដល់មន្ត្រីមូលដ្ឋាន ដើម្បីជាប្រយោជន៍ ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើដល់ប្រជាពលរដ្ឋ។ លោកនឹងបន្តសហការតទៅទៀតក្នុងការបើកវគ្គបណ្តុះបណ្តាលជាបន្តទៅទៀត ដល់រដ្ឋបាលឃុំ និងគាំទ្រផ្នែកប្រឹក្សាយោបល់ផ្លូវច្បាប់ ព្រមទាំងផ្តល់ឯកសារច្បាប់ពាក់ព័ន្ធនានា ដើម្បីជាប្រយោជន៍ដល់សាលាឃុំព្នៅទី២ ក្នុងការដោះស្រាយបញ្ហាផ្លូវច្បាប់នានា ជាពិសេសទំនាស់ដីធ្លី គ្រួសារ និងមត៌ក។

លោក គី ពិសិដ្ឋ ជាគ្រូឧទ្ទេសវគ្គ ច្បាប់ភូមិបាល និងការគ្រប់គ្រងដីធ្លីថ្នាក់មូលដ្ឋាននេះ បានគូសបញ្ជាក់ថា លោកពិតជាកោតសរសើរដល់អ៊ំុពូមីង ដែលខិតខំសិក្សា ជាពិសេសតាមបច្ចេកវិទ្យាសិក្សាពីចម្ងាយរហូតបញ្ចប់ជាស្ថាពរ ដោយអវត្តមានតិចតួចបំផុត។ លោកបន្តថា ការសិក្សាបានបញ្ចប់ទៅហើយ ថ្វីត្បិតតែយល់បានខ្លះ មិនយល់ខ្លះ តែពុំមែនជាទីបញ្ចប់នៃការសិក្សាឡើយ លោកសូមឱ្យសិក្ខាកាមបន្តស្វ័យសិក្សា ច្បាប់ពាក់ព័ន្ធដោយខ្លួនឯងបន្ថែមទៀត។ ព្រោះពាក់ព័ន្ធនឹងវិស័យដីធ្លី ពុំមែនមានតែច្បាប់ភូមិបាលនេះមួយទេ នៅមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធច្រើនទៀត។

សូមជម្រាបថា កម្មវិធីសិក្សាច្បាប់ភូមិបាល និងការគ្រប់គ្រងដីធ្លីថ្នាក់មូលដ្ឋាននេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ មានរយៈពេល១០ថ្ងៃ (២០ម៉ោង) បង្រៀនដោយ លោក គី ពិសិដ្ឋ ជាអ្នកវិជ្ជាជីវៈសាការី សហការដោយ មជ្ឈមណ្ឌលនីតិក្រម និងការិយាល័យមេធាវី ខ្មែរសុក្រឹត តាមប្រព័ន្ធ Online (Google Meet) ដោយមានការសម្របសម្រួល ពីលោក ណុន វាសនា មន្ត្រីជាប់កិច្ចសន្យា សាលាឃុំព្នៅទី២៕