ជំនាញពន្ធនាគារខ្មែរ៤០រូប នឹងទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រUN

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចំណារឯកភាព ទៅនឹងសំណើររបស់អង្គការសហប្រជាជាតិ(UN) ដែលបានស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

នេះបើតាមសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងក្នុងឱាសកនាំកិច្ចប្រជុំ ស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN) នាថ្ងៃ៨ កុម្ភៈ។

ក្នុងកិច្ចប្រជុំនោះដែរ សម្ដេចក៏បានរម្លឹកថា ក្នុងកិច្ចប្រជុំរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីប្រមាណ១០ឆ្នាំមុន មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាតិបានផ្ដួចផ្ដើមគំនិតឲ្យមានការបញ្ជូនកម្លាំងនគរបាលចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាតិ បន្ថែមលើការបញ្ជូនកងទ័ព។

សម្ដេច ស ខេង ក៏បានណែនាំរដ្ឋលេខាធិការ ទទួលបន្ទុកពន្ធនាគារ និងអគ្គនាយកពន្ធនាគារ បង្កើតយន្តការមួយ ផ្ទៃក្នុងក្រសួងមហាផ្ទៃមួយ ដើម្បីធ្វើការងារនេះ និងត្រូវមានយន្តការសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។

សូមបញ្ជាក់ថា បច្ចុប្បន្នអង្គការសហប្រជាតិមានកងកម្លាំងនគរបាលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពជាង៩០០០នាក់ មកពីជាង៩០ប្រទេស ជុំវិញពិភពលោក។ កម្លាំងនគរបាលអង្គការសហប្រជាតិ ភាគច្រើនបំពេញបេសកម្ម ផ្ដល់ការគាំទ្រដល់ការបំពេញភារកិច្ចរបស់កម្លាំងនគរបាល នៃប្រទេសសាម៉ី ៕
ដោយ៖ រិន ចំរើន