រដ្ឋមន្ត្រីទេសចរខ្មែរ ប្ដេជ្ញាទាក់ទាញភ្ញៀវចិនឲ្យបាន១លាននាក់ នៅឆ្នាំ២០២៣

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឲ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ។ ការប្រកាសនេះ បានធ្វើឡើងក្នុងពិធីទទួលស្វាគមន៍ភ្ញៀវទេសចរចិន១២៥នាក់ មកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ជាលើកដំបូងក្រោយរដ្ឋាភិបាលចិន បើកឲ្យប្រជាជនខ្លួនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

លោក ថោង ខុនបន្តថា ភ្ញៀវទេសចរចិនចុះមកនេះ មានអ្នកខ្លះមកដើរលេងតាមរយៈក្រុមហ៊ុន និងមកដើរលេងជាមួយមិត្តភក្តិធម្មតា។ ប្រតិបត្តិការហោះហើរនេះធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។

រដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា «បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ យើងនឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឲ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ»។

លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិនជាទីផ្សារធំសម្រាប់តែកម្ពុជា និងពិភពលោក។

រដ្ឋមន្ត្រីបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ ក៏នឹងមានជើងហោះលើកដំបូងពីគួនមីងមកសៀមរាប និងពីសៀងហៃមកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។ លោករដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា «ការធ្វើរដំណើរទេសចរចិនមកកម្ពុជា នឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ»។

សូមបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ៤០ម៉ឺននាក់ ក្នុងនោះក៏មានទេសចរចិនប្រមាណ២៥,០០០នាក់ដែរ មានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងខែមករានោះដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប១,៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន១,១៧៨ជើង ៕ ដោយ៖ រិន ចំរើន