រដ្ឋបាលរាជធានីភ្នំពេញយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធរថយន្តក្រុងរបស់ខ្លួន

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធរថយន្តក្រុងរបស់ខ្លួន បន្ទាប់ពីដាក់ឱ្យអនុវត្តគម្រោងសាកល្បង នៃចំណតរង់ចាំរថយន្តក្រុងឆ្លាតវៃ (Smart Bus Shelter) ចំនួន២ទីតាំង ដែលស្ថិតនៅខាងមុខមន្ទីរពេទ្យព្រះអង្គឌួង និងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបានការគាំទ្រពីពលរដ្ឋ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ជាក់ស្តែង បន្ទាប់ពីបានដាក់ឱ្យអនុវត្តគម្រោងសាកល្បង នៃចំណតរង់ចាំរថយន្តក្រុងឆ្លាតវៃ (Smart Bus Shelter) ចំនួន២ទីតាំង ដែលស្ថិតនៅខាងមុខមន្ទីរពេទ្យព្រះអង្គឌួង និងវិទ្យាល័យព្រះស៊ីសុវត្ថិ, លទ្ធផលបានបង្ហាញថា បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ មានការត្រេកអរនឹងគម្រោងនេះ ដែលជាការលើកទឹកចិត្តឱ្យបងប្អូនជាអ្នកប្រើប្រាស់បច្ចុប្បន្នកាន់តែមានភាពងាយស្រួល និងទាក់ទាញបងប្អូនប្រជាពលរដ្ឋដទៃទៀត ឱ្យងាកមកប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈឱ្យបានកាន់តែច្រើនឡើង ។

លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងជួយដោះស្រាយបញ្ហាចរាចរណ៍ក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើង តាមរយៈការកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាចូលរួមលើកកម្ពស់បរិស្ថានរស់នៅក្នុងទីក្រុង។

លោក នួន ផារ័ត្ន ដែលជាតំណាងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលបច្ចេកទេស (JCC) លើកទី២ ជាមួយលោក Yoshihiro KAKISHITA តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន (MLIT) ដើម្បីពិភាក្សាលើទិន្នន័យដែលទទួលបានពីការអនុវត្តគម្រោងសាកល្បងចំណតរង់ចាំរថយន្តក្រុងឆ្លាតវៃ អស់រយៈពេលជាង ២ខែមកនេះ ៕
ដោយ៖​ ពុទ្ធិពល