អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បំភ្លឺ ក្រោយ VOA ផ្សាយថា កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន

ភ្នំពេញ ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចេញមកបកស្រាយបំភ្លឺ ៣ចំណុចចំខាន់ៗ ចំពោះការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានអត្ថបទក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភ អំពី «អន្ទាក់បំណុល»” ។

លោកអ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា អត្ថបទនេះផ្សាយព័ត៌មានខុសពីការពិត និងបំភាន់សាធារណជនក្រោមហេតុផលនយោបាយ ។ អ្នកនាំពាក្យក៏បានធ្វើការបកស្រាយបំភ្លឺចំនួន៣ចំណុចសំខាន់ៗដូចខាងក្រោម៖

១.ការថ្លែងថា ទស្សនកិច្ចនៅប្រទេសចិន របស់សម្តេចតេជោ ហ៊ុន សែន នៅសប្តាហ៍ក្រោយធ្វើឡើង “ដោយសំឡឹងមើលកម្ចី….ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន…..” គឺជាព័ត៌មានខុសពីការពិត។ ការពិតគឺ គម្រោងនេះនឹងមិនត្រូវគាំទ្រដោយប្រាក់កម្ចីទេ។ គម្រោង នេះគឺបើកផ្លូវជូនដល់ការវិនិយោគ ក្នុងរូបភាព BOT (Build, Operate and Transfer)។

២.របាយការណ៍របស់ VOA មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ គឺថែមទាំងបំភាន់សាធារណមតិ ដើម្បីបម្រើនយោបាយ។ ពុំមានលក្ខណៈវិជ្ជាជីវៈ ព្រោះអ្នករាយការណ៍ VOA ពុំបានផ្ទៀងផ្ទាត់ប្រភពព័ត៌មានរបស់ខ្លួន។ នេះគឺជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ជាច្រើនទៀត ដែលបង្ហាញពីគុណភាព ទាបរបស់អ្នកសារព័ត៌មាន VOA ។

បំភាន់សាធារណមតិ ក្រោមហេតុផលនយោបាយ ព្រោះអត្ថបទនេះសរសេរឡើងដោយមានចេតនា តែម្តង។ កន្លងមក សម្តេចតេជោ និងរដ្ឋមន្ត្រីផ្សេងៗបានផ្តល់ការពន្យល់ជាច្រើនលើក ច្រើនសារចំពោះគម្រោងនេះ។ រាជរដ្ឋាភិបាលពុំមានបំណងខ្ចីប្រាក់ ពីបរទេសឱ្យច្រើនលើសលុបទេ។ រាជរដ្ឋាភិបាលមានភាពម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងបំណុលបរទេស និងផ្តល់អាទិភាពសម្រាប់តែ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលបន្ទាន់និងចាំបាច់ ដូចជាផ្លូវថ្នល់។ អ្នកសារព័ត៌មាន VOA បានព្រងើយកន្តើយ ដោយចេតនា ចំពោះការពន្យល់ទាំងអស់នោះ និងបន្តប្រើប្រាស់នយោបាយកខ្វក់ (dirty politics) ចំពោះ ទំនាក់ទំនងកម្ពុជា-ចិន។

៣.កម្ពុជាសូមស្វាគមន៍ រាល់ការវិនិយោគលើគម្រោងនេះ ក្នុងរូបភាពជា BOT (Build, Operate and Transfer) ។

សូមបញ្ជាក់ថា VOA បានផ្សាយអត្ថបទមួយរបស់ខ្លួនថា “នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន នឹងធ្វើដំណើរទៅប្រទេសចិន នៅសប្តាហ៍ក្រោយ ដោយសំឡឹងមើលកម្ចីទឹកប្រាក់ជាង៤.០០០លានដុល្លារអាមេរិកដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យជាប់ព្រំដែនប្រទេសថៃ ដែលជាតំបន់រីកចម្រើនសេដ្ឋកិច្ច និងកាស៊ីណូ” ។ កិច្ចព្រមព្រៀងនេះនឹងក្លាយជានិមិត្តសញ្ញាថ្មីបំផុតមួយទៀតនៃទំនាក់ទំនងមិត្តភាព«ដែកថែប»រវាងប្រទេសទាំងពីរ ដែលអ្នកតាមដានបារម្ភអំពីកំណើននៃការពឹងផ្អែករបស់កម្ពុជាទៅលើទឹកប្រាក់របស់ប្រទេសចិន ដែលអាចនាំទៅធ្លាក់ចូល«អន្ទាក់បំណុល» និងមានផលវិបាកផ្នែកសេដ្ឋកិច្ច និងឥទ្ធិពលភូមិសាស្រ្តនយោបាយរយៈពេលវែង៕
ដោយ៖ រិន ចំរើន