អារ៉ាប៊ីសាអូឌីត គ្រោងនឹងបើកស្ថានទូតរបស់ខ្លួននៅកម្ពុជាឆាប់ៗនេះ

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអនុញ្ញតឱ្យក្រុមការងារបច្ចេកទេសអារ៉ាប៊ីសាអូឌីត ដឹកនាំដោយ លោក Mohammed Mbark Al Saefi ទីប្រឹក្សាក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅការិយាល័យរបស់លោក។

ក្នុងជំនួបនៅព្រឹកថ្ងឌទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិតពិភាក្សាផ្តោតសំខាន់ លើការស្វែងរកទីតាំងសមស្របណាមួយ ក្នុងការរៀបចំបើកស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដូចជា វិស័យការទូត វិស័យអប់រំ វិស័យកីឡា និងវិស័យពាណិជ្ជកម្ម ឱ្យមានការកើនឡើងបន្ថែមទៀត។

ជាមួយគ្នាដែរ លោក អូស្មាន ហាស្សាន់ ក្នុងនាមរដ្ឋាភិបាល បានសម្តែងការអបអរសាទរ និងសប្បាយរីករាយ ដែលអារ៉ាប់ប៊ីសាអូឌីត បានសម្រេចបើកស្ថានទូតរបស់ខ្លួន នៅកម្ពុជា ហើយគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់ ពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគីដែលជាប្រយោជន៍រួម របស់ប្រជាជាតិទាំងពីរ។

សូមជម្រាបជូនថា កម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ (មានត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។

កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង និងផ្លែឈើ។ កម្ពុជានាំចូលមុខទំនិញ សំខាន់ៗពីអារ៉ាប៊ីសាអូឌីត មានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងទំនិញដទៃទៀត។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕
ដោយ៖ ពុទ្ធិពល