យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១លើវិស័យសាធារណការ និងដឹកជញ្ជូ កំពុងត្រូវបានស្វែងរកធាតុចូល

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនពិភាក្សាស្វែងរកធាតុចូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ វិស័យសាធារណការ និងដឹកជញ្ជូន សំដៅចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំតាកតែង ដើម្បីបន្តអភិវឌ្ឍកម្ពុជាបន្តពីយុទ្ធសាស្រ្តចតុកោណ ទាំងបួនដំណាក់កាល ដែល រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តកន្លងមក។

លោកស្រ្តី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី ១ ខែកុម្ភៈឱ្យដឹងថា អង្គប្រជុំ បានពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលលើមុំទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដែលសម្រេចសមិទ្ធផលការងារបានក្រោមយុទ្ធសាស្រ្តចតុកោណទាំង៤ ដំណាក់កាលក្នុង នីតិកាលទី៦ នៃរដ្ឋសភា (២០១៨-២០២៣) ព្រមទាំងបានកំណត់សូចនាករ និងពេលវេលាអនុវត្តច្បាស់លាស់ ទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីបានជាធាតុចូលសម្រាប់រៀបចំយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ នេះផងដែរ។

លោកស្រីបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចូលរួមរៀបចំយុទ្ធសាស្ត្រចតុកោណទាំង៤ ដំណាក់កាលរួចមកហើយ។ យុទ្ធសាស្ត្រចតុកោណ បានបំពេញតួនាទីជារបៀបវារៈយ៉ាងល្អប្រសើរ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយការអនុវត្តដោយឆ្លងកាត់ដំណាក់កាលទាំង៤ ជាបន្តបន្ទាប់នេះ បានផ្តល់ផលជាការផ្លាស់ប្តូរស៊ីជម្រៅនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង និងការពង្រឹងប្រសិទ្ធភាព នៃអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ៕ ដោយ៖ ពុទ្ធិពល