កម្ពុជា-ចិន ពិភាក្សាដើម្បីជំរុញ និងទាក់ទាញទេសចរចិនឲ្យបាន ១ លាននាក់នៅឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជា-ចិន ពិភាក្សាការងារ និងផ្លាស់់ប្តូរយោបល់សំដៅជំរុញលំហូរទេសចរចិន-កម្ពុជា ដើម្បីត្រៀមអបអរសាទរខួបលើកទី៦៥នៃចំណងទំនាក់ទំនងការទូតកម្ពុជា-ចិន ពិសេសដើម្បីជំរុញ និងទាក់ទាញទេសចរចិនឲ្យបាន ១ លាននាក់នៅឆ្នាំ២០២៣នេះ តាមការគ្រោងទុក។

កិច្ចពិភាក្សាខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ រវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Du TianQiao នាយកប្រតិបត្តិសមាគមន៍សហប្រតិបត្តិការធុរៈកិច្ច និងសេដ្ឋកិច្ចតំបន់ និងពាណិជ្ជកម្មអន្តរជាតិចិន។

ភាគីទាំងពីរក៏ពិភាក្សាថា នឹងសហការគ្នាត្រៀមរៀបចំព្រឹត្តការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាដូចជា ព្រឹត្តិការណ៍ម៉ារ៉ាតុង វាយកូនហ្គោល ជាពិសេសការសម្តែងក្បាច់គុណសៅលិញរបស់សាកលវិទ្យាល័យសៅលិញ រួមជាមួយ ក្បាច់គុនល្បុក្កតោរបស់កម្ពុជា(ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២) នៅមុនព្រឹត្តការណ៍ SEA Games លើកទី៣២ នៅរាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានេះ ភាគីទាំងក៏នឹងរៀបចំវេទិកាធុរៈកិច្ចនិងវិនិយោគទេសចរណ៍កម្ពុជា-ចិន និងរៀបចំព្រឹត្តការណ៍តន្ត្រីកម្ពុជា-ចិន ដែលមានតារាល្បីៗរបស់ចិន និងកម្ពុជាចូលរួម ដែលអាចទាក់ទាញទេសចរចិនមកទស្សនា។

ទោះជាយ៉ាងណានេះ

ក្តី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឲ្យសមាគមនេះរៀបចំគំរោងច្បាស់លាស់ និងផែនការលម្អិត ដើម្បីអាចឲ្យភាគីក្រសួងទេសចរណ៍កម្ពុជាពិនិត្យ និងឲ្យយោបល់ ព្រមទាំងបង្កើតក្រុមការងារក្នុងការរៀបចំព្រឹត្តការណ៍ទាំងនេះ ៕ ដោយ៖ ពុទ្ធិពល