រយៈពេល ៣ ឆ្នាំ ទំព័រហ្វេសបុករបស់សម្តេច ស ខេង ទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ចំនួន ១.៧៦៨ គណនី

ភ្នំពេញ៖ រយៈពល ឆ្នាំ ៣ ចាប់ពីឆ្នាំ២០២០រហូតដល់ដំណាច់ឆ្នាំ២០២២កន្លងទៅនេះ ក្រុមការងារតាមដានអំពីការដោះ ស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១.៧៦៨ គណនី។

សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២ ខែកុម្ភៈនេះឱ្យដឹងថា ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយបានចំនួន ៨០២ គណនី និង៦៤៧គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។

សម្តេច ស ខេង បន្តថា ជនរួមជាតិជាទីគោរព! វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់សម្តេច។

សម្តេច ស ខេង បានថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។

សម្តេចក៏សូមយកឱកាសនេះ ស្នើសុំការយោគយល់អធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធានាថារាល់បញ្ហាប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចឬមូលដ្ឋានរបស់ខ្លួន មិនត្រូវគិតថាតូចឬធំនោះទេ ត្រូវយកចិត្តទុកដាក់ប្រមូល ទទួល និងរួមគ្នាដោះស្រាយឱ្យអស់ពីលទ្ធភាព។ រាល់បញ្ហាដែលក្ដាប់បាន ឬទទួលបានពីប្រជាពលរដ្ឋ និងទទួលបានពីថ្នាក់លើដែលនៅសេសសល់ គប្បីខិតខំពន្លឿនការដោះស្រាយ ហើយត្រូវប្រាកដថាការដោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើមប្រកបដោយយុត្តិធម៌ ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជា និងបញ្ជូនតាមបែបបទរដ្ឋបាលនោះឡើយ៕ ដោយ៖ ពុទ្ធិពល