ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុនបានបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យពង្រឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកនារីបម្រើការ សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមអាជីវកម្មក្លឹបកម្សាន្ដខារ៉ាអូខេ រង្គសាល-ឌឺស្ដូតែក និងបៀរហ្កាឌិន។
ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យយកចិត្តទុកដាក់លើការគ្រប់គ្រង បុគ្គលិកនារី បម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមអាជីវកម្មក្លឹបកម្សាន្តខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន។
លោក ថោង ខុនបានលើកឡើងក្នុងលិខិតរបស់ក្រសួងនាថ្ងៃទី៣០ មករា ថា«ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ពង្រឹងយន្តការគ្រប់គ្រងអាជីវកម្ម ដោយជំរុញការស្នើសុំអាជ្ញាបណ្ណទេសចរណ៍សម្រាប់អាជីវកម្មខារ៉ាអូខេ រង្គសាល-ឌីស្កូតក និងបៀរហ្កាឌិនទាំងអស់ ដោយត្រូវមានអាជ្ញាបណ្ណទេសចរណ៍»។
លោកបន្ដថា រដ្ឋបាលរាជធានី-ខេត្ត បន្តអនុវត្តប្រកាសរបស់ក្រសួងទេសចរណ៍លើការផ្តល់អាជ្ញាបណ្ណ ទេសចរណ៍សម្រាប់អាជីវកម្មខារ៉ាអូខេរង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន ដោយបន្ថែមលក្ខខណ្ឌក្នុង ការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មី និងបន្តដោយតម្រូវឱ្យមាន ភ្ជាប់បញ្ជីឈ្មោះ និងទិន្នន័យជាក់លាក់របស់បុគ្កលិក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងបុគ្គលិកនារីបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី ក៏បានណែនាំបន្ថែមដល់រដ្ឋបាលរាជធានី-ខេត្ត ពង្រឹងយន្តការគ្រប់គ្រងអាជ្ញាបណ្ណទេសចរណ៍ ដោយបញ្ជូលប្រព័ន្ធទិន្នន័យ QR Code ក្នុងសន្លឹក អាជ្ញាបណ្ណដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយប្រើប្រាស់ប្រព័ន្ធវេបសាយ Websit (www.cambodiatourismindustry.org)។
លោកបញ្ជាក់ទៀតថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវជំរុញការស្នើសុំស្ដង់ដារចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ដើម្បីធានាបានគុណភាពសេវាកម្ម សន្តិសុខ សុវត្ថិភាពភ្ញៀវ និងការរៀបចំលក្ខណៈ បច្ចេកទេសរបស់អាជីវកម្មក្នុងការបង្ការហានិភ័យផ្សេងៗ៕ ដោយ៖ រិន ចំរើន