កោះកុង៖ កម្លាំងនគរបាលស្រុកបូទុមសាគរ ខេត្តកោះកុងបានប្រើពេលវេលា២៨ម៉ោង បំបែករឿងក្តី ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ រហូតដល់ស្រុកលើកដែក ខេត្តកណ្តាល ក្នុងករណីឃាតកម្មចាក់សម្លាប់យុវជនម្នាក់ទៀត ក្នុងវង់រាំកម្សាន្ត ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ជនដៃដល់ដែលត្រូវបានចាប់ខ្លួនមានម្នាក់ឈ្មោះ ផន ចាន់រ៉ា ហៅ លៀន មុខរបរជាកម្មករសំណង់ផ្ទះត្រចៀកកាំ មានស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង រួមទាំងបក្ខពួក២នាក់ផងដែរ។
ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចវែងចាក់សម្លាប់យុវជនម្នាក់ឈ្មោះ ឡាយ សុធារិទ្ធ អាយុ១៨ឆ្នាំ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក បណ្តាលឱ្យស្លាប់ភ្លាមៗនៅវង់រាំកម្សាន្តប្រគុំតន្រ្តី និងតាំងពិព័រណ៍ កាលពីយប់ម៉ោង១០និង៣០នាទី ថ្ងៃទី២៧ ខែមករា កន្លងទៅ។
បើតាម នគរបាលស្រុកបូទុមសាគរ មូលហេតុដែលបង្កឱ្យជម្លោះឈានដល់ចាក់សម្លាប់គ្នានៅពេលនេះ ដោយសារតែការរាំជាន់ជើងគ្នា ទោះបីជាភាគីជនរងគ្រោះមានការសុំទោសក៏ដោយ។
ករណីនេះកើតឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២ និង៣០ នាទី នៅកន្លែងខនសឺត ស្រាប៊ៀរគ្រុឌ ស្តិតនៅភូមិអណ្ដូងទឹក ឃុំអណ្ថូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ៕ ដោយ៖ ពុទ្ធិពល