ភ្នំពេញ៖ សហគមន៍កសិកម្ម និងក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា ចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផ្គត់ផ្គង់ស្រូវ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិតីភាព លោក យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣។
លោក យ៉ង សាំងកុមារបាន ណែនាំឱ្យបន្តសហការចងក្រងនិងពង្រឹងសហគមន៍កសិកម្ម និងរៀបចំចងក្រងទិន្នន័យផលិតកម្មឱ្យបានត្រឹមត្រូវ។
បន្ថែមពីនេះទៀត លោកក៏បានផ្ដល់អនុសាសន៍ដល់សហគមន៍ឱ្យកាត់បន្ថយថ្លៃដើមផលិតស្រូវតាមរយ:ការប្រើប្រាស់ពូជសុទ្ធល្អ ការប្រើប្រាស់ជីធម្មជាតិលាយជាមួយជីគីមី ការរៀបចំដី និងការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
បើតាមក្រសួងកសិកម្ម ក្រោមកិច្ចសម្របសម្រួលរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករ គិតត្រឹមថ្ងៃទី៣១ ខែមករា សម្រាប់ឆ្នាំ២០២៣នេះ មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានសម្រេចបាន នូវកិច្ចសន្យាកសិកម្មចំនួន ៦ គិតជាបរិមាណស្រូវចំនួន ៨.៥៣៣តោន លើផ្ទៃដីដាំដុះចំនួន ១.៧៨០ហត និងសមាជិកកសិករផលិតចំនួន ១៨៦នាក់។ កិច្វសន្យានេះផ្ដោតលើពូជស្រូវអង្ករបាយរឹង។
សូមបញ្ជាក់ថា សហគមន៍ផលិតស្រូវក៏ទទួលបានការសម្របសម្រួលការផ្គត់ផ្គង់ធាតុចូលពីក្រុមហ៊ុន ជី ថ្នាំកសិកម្ម និងពូជស្រូវ ដោយកសិករទិញបណ្ដាក់ និងទូទាត់នៅពេលប្រមូលផល៕ ដោយ៖ ពុទ្ធិពល