កម្ពុជាបញ្ជូនទូតថ្មី៨រូបទៅបំពេញបេសកកម្មនៅបរទេស

ភ្នំពេញ៖ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន៨រូប នឹងទៅបំពេញបេសកកម្មការទូតនៅបរទេស។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រ ធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន៨រូបនោះ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ នាវិមានព្រឹទ្ធសភា។

ឯកអគ្គរាជទូតថ្មីទាំង៨រូបនោះរួមមាន លោក កុយ គួង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា លោក ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសថៃឡង់ដ៏ លោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសអូស្រ្តាលី លោក ជា ធីរៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសគុយបា លោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសរុស្សី លោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា លោក លឹម ហុកសេង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសប្រ៊ុយណេ លោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះឯកអគ្គរាជទូតទាំង៨រូបដែលត្រូវ បានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសទាំង៨នេះ។ ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើចំពោះឯកឧត្តមទាំង៨រូបត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានល្អដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជណាចក្រកម្ពុជា និងប្រទេសដែលខ្លួនតាំងនៅទាំងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង។
ដើម្បីសម្រេចបំណងនេះ ត្រវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃប្រទេសនីមួយៗឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ត្រូវក្តាប់ជាប់ និងគិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរដែលរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅប្រទេសដែលខ្លួនតាំងនៅ។ ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយនឹងឯកអគ្គរដ្ឋទូត-រាជទូត នៃប្រទេសនានាប្រចាំនៅប្រទេសដែលខ្លួនតាំងនៅ។

សម្តេច សាយ ឈុំ បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជូនដល់ ឯកអគ្គរាជទូតទំាង អស់ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍ពិត និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឱ្យបានរហ័សចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជាឱ្យបានកាន់តែច្រើន ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជា។

លោក កុយ គួង ជាតំណាងឯកអគ្គរាជទូតទំាងអស់បានប្តេជ្ញានៅចំពោះមុខសម្តេចប្រធានព្រឹទ្ធសភាថា នឹងខិតខំបំពេញភារកិច្ចកាទូតដោយសក្តិសមជាតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។

ឯកឧត្តម និងឯកអគ្គរាជទូតទំាងអស់បានសន្យាថា នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំថែរក្សាផ្សព្វផ្សាយអំពីប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត-រដ្ឋទូតប្រទេសផ្សេងៗទៀត ព្រមទាំងខិតខំទាក់ទាញវិនិយោគិន និងអ្នកទេសចរឱ្យមកកម្ពុជាបានកាន់តែច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់កិត្យានុភាពនៅក្នុងតំបន់ និងលើពិភពលោក៕ដោយ៖ គង់ សេដ្ឋាមុនី