លោក នេត សាវឿន ហាមមន្ដ្រីក្រោមឱវាទខ្លួន មិនឲ្យគិបកេងលុយកាក់

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាស់តឿនដល់ប្រធាននាយកដ្ឋាន ឬអង្គភាពនានា ត្រូវជៀសវាងដាច់ខាតនូវអំពើមិនគប្បី ពាក់ព័ន្ធទៅនឹងការគិបកេងលុយកាក់ ដែលជារបបរបស់មន្ដ្រីក្រោមឱវាទរបស់ខ្លួន។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៥រូប នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំដល់ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពដែលទើបប្រកាសចូលកាន់តំណែង ត្រូវធ្វើជាគំរូដល់កងកម្លាំងក្រោមឱវាទ ស្របតាមអ្វីដែលជាការប្ដេជ្ញាចិត្ត ហើយត្រូវយកចិត្តទុកដាក់ដឹកនាំគ្រប់គ្រងកងកម្លាំងដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គុណភាព តម្លាភាព គណនេយ្យភាព ពិសេសចេះសណ្ដោសប្រណី អប់រំ ថែរក្សា សុខភាព ជីវភាពកងកម្លាំង និងត្រូវច្បាស់លាស់ម៉ឺងម៉ាត់។

នាយឧត្តមសេនីយ៍គូសបញ្ជាក់ទៀតថា «ប្រធាននាយកដ្ឋាន-អង្គភាព ត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើមិនគប្បី ពាក់ព័ន្ធការគិបកេងលុយកាក់ដែលជារបបរបស់មន្ដ្រីក្រោមឱវាទខ្លួន។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់កសាងអង្គភាព លើកកម្ពស់ស្មារតី រក្សាសាមគ្គីភាព ទាំងផ្ទៃក្នុងអង្គភាព និងអង្គភាពខាងក្រៅ ហើយដាច់ខាតត្រូវតែធ្វើជាគំរូល្អ»។

លោកនាយឧត្តមសេនីយ៍ ក៏បានរំលឹកទៀតថា ប្រធាននាយកដ្ឋាន-អង្គភាព ត្រូវតែគិតគូរអំពីសុខទុក្ខកងកម្លាំងក្រោមឱវាទ និងក្រុមគ្រួសារ ដោយនៅពេលមានទុក្ខលំបាកត្រូវចេះជួយតាមលទ្ធភាពដែលខ្លួនមាន ដោយបង្ហាញពីស្មារតីយកចិត្តទុកដាក់ ពិសេសតាមរយៈសមាគមមិត្តនគរបាលជាតិកម្ពុជា។ ជាង នេះទៅទៀត ត្រូវបង្ហាញស្មារតី ឆន្ទៈ ភាពស្មោះត្រង់ដល់មន្ដ្រីរបស់ខ្លួន បើមិនដូច្នេះទេនឹងប្រាស់ចាកជាមួយក្រមសីលធម៌របស់កងកម្លាំង៕ ដោយ៖​ រិន ចំរើន