គណបក្សនយោបាយចំនួន ៣ ដាក់បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មី ឆ្នាំ២០២៣

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ គឺជាថ្ងៃចុងក្រោយនៃការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។

ក្នុងរយៈពេល ៥ថ្ងៃ នៃការទទួលពាក្យនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ទាំង ៣ បានទទួលពាក្យសុំពីគណបក្សនយោបាយ ចំនួន ៣ ដែលបានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលបំបែក និងបង្កើតថ្មីនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។

គណបក្សនយោបាយទាំង ៣ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សហ៊ុនស៊ិនប៉ិច សរុបចំនួន បេក្ខជន ៤៩៨ រូប។

អនុលោមតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ត្រូវពិនិត្យ សម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំ។

ក្នុងករណី គធ.ខប ពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយពុំបានបំពេញលក្ខខណ្ឌដូចមានចែងក្នុងប្រការ ២.៣៦ រហូតដល់ប្រការ ២.៤១ គធ.ខប ត្រូវជូនដំណឹងទៅសាមីគណបក្សនយោបាយនោះវិញ ដើម្បីបំពេញបន្ថែម ឬកែតម្រូវ។ សាមីគណបក្សនយោបាយត្រូវបំពេញលក្ខខណ្ឌ ឬកែតម្រូវចំណុចដែលខ្វះខាតយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះ៕ ដោយ៖ ពុទ្ធិពល