រដ្ឋមន្ត្រីយុត្តិធម៌ស្នើសុំ​កិច្ចសហការ​ពី​អង្គភាពប្រឆាំងអំពើពុករលួយ​​ក្នុង​យុទ្ធនាការ​លើកកម្ពស់​គុណភាព ​និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធយុត្តិធម៌

ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជាប្រធានគណៈបញ្ជាការ​ដឹកនាំ​យុទ្ធនាការជំរុញ​និង​ពន្លឿន​ការដោះស្រាយ​រឿងក្តី​នៅតាមតុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ​និងដោះស្រាយ​ភាព​មិនប្រក្រតី​នៅតាមតុលាការ បានដឹកនាំ​​​សមាជិក​គណៈបញ្ជាការ ជួបប្រជុំ​ការងារ​​​ជាមួយ​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង​សហការី ដើម្បី​ស្នើសុំ​កិច្ចសហការ​ពី​អង្គភាពប្រឆាំងអំពើពុករលួយ​​ក្នុង​យុទ្ធនាការ​លើកកម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធយុត្តិធម៌។

នៅក្នុងកិច្ចប្រជុំ នៅទី១៨ ខែមករា ឆ្នាំ២០២៤​នេះលោក កើត រិទ្ធ បានជម្រាបជូន​លោក ឱម យ៉ិនទៀង ព្រមទាំង​អង្គប្រជុំ អំពី​​​ការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌​របស់​រាជរដ្ឋាភិបាល​ នីតិកាលទី៧ នៃ​រដ្ឋសភា ជាពិសេស យុទ្ធនាការ​ចំនួន ២ ដែល​ក្រសួងយុត្តិធម៌​បាន​ដាក់ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤​កន្លងទៅ គឺ​យុទ្ធនាការ​ជំរុញ​និង​ពន្លឿន​ការដោះស្រាយ​រឿងក្តី​នៅតាមតុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ​និងដោះស្រាយ​ភាព​មិនប្រក្រតី​នៅតាមតុលាការ។

លោក កើត រិទ្ធ បញ្ជាក់ថា ការដាក់ចេញ​យុទ្ធនាការនេះ គឺ​ធ្វើ​ទៅតាម​ការ​ប្រគល់​ភារកិច្ចរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​កំណត់​យក​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ជា​អាទិភាពនយោបាយ​ដ៏សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា។

ទន្ទឹមនឹង​ការអនុវត្ត​​យុទ្ធនាការ​ទាំង២នេះ លោក កើត រិទ្ធ ក៏​បានគូសបញ្ជាក់ផងដែរ អំពី​វិធានការ​ដាច់ខាត ដែល​ត្រូវអនុវត្ត​ចំពោះ​សំណុំរឿង ៣ប្រភេទ គឺ​​ គ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និង​អត្រានុកូលដ្ឋាន ដែល​ជាកិច្ចការអាទិភាព​ ដែលចាំបាច់ត្រូវតែដោះស្រាយ​ដោយ​តម្លាភាព ភាពត្រឹមត្រូវ​តាមច្បាប់ និង​ភាពម៉ឺងម៉ាត់ ស្របតាមទិសដៅ​នៃ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ក៏ដូចជា ការចូលរួមទទួលខុសត្រូវ​នៃ​វិស័យ​យុត្តិធម៌​ចំពោះមុខ​ប្រជាជន​ និង​សង្គមជាតិ។

ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ដើម្បី​សម្រេច​ទៅតាម​បំណងប្រាថ្នា​របស់​ សម្តេចមហាបវរធិបតី ​ប្រមុខរាជរដ្ឋាភិបាល, ក្រសួង​យុត្តិធម៌​មាន​ភាព​ចាំបាច់ ក្នុង​ការ​អនុវត្តយុទ្ធនាការ​ទាំង ២ ក៏ដូចជា ចាត់វិធានការ​​លើ​សំណុំរឿងទាំង ៣ប្រភេទ ​ដោយ​ភាពម៉ឺងម៉ាត់ ដោយ​ប្រកាន់ខ្ជាប់តាម​អភិក្រម​របស់​ សម្តេច ហ៊ុន ម៉ាណែត ដែលថា “គ្មានការកែទម្រង់ណា​មួយដែលងាយស្រួលនោះទេ ការកែទម្រង់​ដែលជោគជ័យ​ត្រូវផ្អែក​លើ​កត្តាសំខាន់ៗចំនួន ៤៖ (ទី១)-ត្រូវមានចក្ខុវិស័យច្បាស់លាស់, (ទី២)-ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, (ទី៣)-ត្រូវមានការចូលរួម​ដោយ​ស្មោះត្រង់ និង​ (ទី៤)-ត្រូវមានការលះបង់, និង​​​អភិក្រម​របស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន គឺ (ទី១)-ឆ្លុះកញ្ចក់, (ទី២)-ងូតទឹក, (ទី៣)-ដុសក្អែល, (ទី៤)-ព្យាបាល និង (ទី៥)-វះកាត់។ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ ក្នុង​ស្មារតី​ទទួលខុសត្រូវខ្ពស់ និង​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ស្ថានភាព “ត្រីងៀតឆ្លៀតពង” ដោយឆ្លៀតយក​យុទ្ធនាការ ដើម្បី​ស្វះស្វែងរកផលប្រយោជន៍​ដោយខុសច្បាប់។

ដើម្បី​​អនុវត្ត​ដោយម៉ឺងម៉ាត់ និង​ប្រកបដោយប្រសិទ្ធភាពខ្ពស់​​នូវ​ការកែទម្រង់​នេះ, លោក ឧបនាយករដ្ឋមន្ត្រី​​ស្នើសុំ​​ការ​គាំទ្រ និង​កិច្ចសហការ​ ពី​សំណាក់​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ទាំងនៅក្នុង​ការអនុវត្ត​យុទ្ធនាការ​ទាំង ២ ក៏ដូចជា ការអនុវត្តវិធានការ​ដាច់ខាត​ សម្រាប់​សំណុំរឿង​ទាំង ៣ប្រភេទខាងលើ។

ជាការឆ្លើយតប លោក ឱម យ៉ិនទៀង បាន​ប្រកាសគាំទ្រ​​យ៉ាងពេញទំហឹង​ចំពោះ​យុទ្ធនាការ ដែលដាក់ចេញ​ដោយ​ក្រសួង​យុត្តិធម៌ ព្រមទាំង​បាន​បង្ហាញ​នូវ​​គោលជំហរ​ផ្តល់​កិច្ចសហការ​គ្រប់ជ្រុងជ្រោយ ដើម្បី​រួមចំណែក​ជំរុញ​ឲ្យ​ការកែទម្រង់​នេះ​បាន​ទទួល​ជោគជ័យ ពីព្រោះ​ថា ជោគជ័យ​នេះ មិនមែន​​​​សម្រាប់តែ​​​ក្រសួង​យុត្តិធម៌​នោះទេ តែជាជោគជ័យ​របស់​រាជរដ្ឋាភិបាល និង​របស់​សង្គមជាតិ​​កម្ពុជាទាំងមូល។

បើតាម លោក ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បាន​សម្តែងនូវ​អំណរគុណ​ចំពោះ​លោក ឱម យ៉ិនទៀង ដែល​គាំទ្រ​ដល់​យុទ្ធនាការ​ដាក់ចេញ​ដោយ​ក្រសួង​យុត្តិធម៌។ ការគាំទ្រ​របស់​​ អង្គភាពប្រឆាំងអំពើពុករលួយ គឺ​ជាការលើកទឹកចិត្ត​បន្ថែម​ទៀត ដល់គណៈបញ្ជាការ​ ឲ្យ​អនុវត្ត​យុទ្ធនាការ​កាន់តែស្វាហាប់ ដើម្បី​ជំរុញ​ឲ្យ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ បានទទួល​លទ្ធផល ក្នុងការ​​លើកកម្ពស់​គុណភាព​សេវា​យុត្តិធម៌ និង​គុណភាពនៃ​យុត្តិធម៌ ស្របតាម​បំណងប្រាថ្នា​របស់​ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា៕