ក្រុមហ៊ុន CMA CGM GROUPរបស់បារាំង មានគម្រោងពង្រីការវិនិយោគឡូជីស្ទីករបស់ខ្លួន នៅកម្ពុជាបន្ថែមទៀត

ទីក្រុងប៉ារីស៖ លោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន CMA CGM GROUP មានគម្រោងពង្រីការវិនិយោគឡូជីស្ទីករបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដើម្បី រួមចំណែកដល់ការដឹកជញ្ជូន និងផ្តល់សេវាភស្តុភារកម្មនៅទូទាំងពិភពលោក ឱ្យកាន់តែមានភាពងាយស្រួល។

គម្រោងនេះត្រូវបានធ្វើឡើងនៅថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងគ្រាដែល លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Rodolphe SaaDé ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង។

ក្នុងជំនួបនេះ លោក Rodolphe SaaDé បានថ្លែងអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន CMA CGM GROUP ដែលជាក្រុមហ៊ុនឡូជីស្ទីកដែលមានការិយាល័យច្រើនជាង ៤០០ និងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចំនួនប្រមាណជាង ១៦០ នៅទូទាំងពិភពលោក។

លោក បន្ថែមថា​ក្រុមហ៊ុនក៏មានកប៉ាល់សម្រាប់ដឹកជញ្ជូនប្រមាណ ៦២៣ និងយន្តហោះដឹកទំនិញចំនួន ៦ ផងដែរ។ សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក, សេវាភស្តុភារកម្ម(end-to-end logistics), សេវាតាមដានអំពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, និងជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ។

ជាមួយគ្នានេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានជម្រាបជូន អំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប លោក ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែម នៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការធានានូវបរិយាកាសវិនិយោគអំណោយផល និងការជួយសម្របសម្រួលដល់វិនិយោគិនទាំងអស់ឱ្យទទួលបានភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់៕