ភ្នំពេញ៖ នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយមជ្ឈមណ្ឌល SEAMEO STEM-ED ដើម្បីអនុវត្តគម្រោង “កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀននៅអាស៊ីអាគ្នេយ៍“ ដែលជាភាសាអង់គ្លេសហៅថា “Southeast Asian Teacher Education Programme (SEA-TEP)” ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើង ក្រោមអធិបតីភាព លោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់លោក ឧបនាយករដ្ឋមន្រ្តីហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
គម្រោងនេះមានរយៈពេល២ឆ្នាំ និងមានប្រទេសចំនួន៤ចូលរួមដូចជា៖ ប្រទេសថៃ ឥណ្ឌូណេស៊ី កាហ្សាស្ថាន និងកម្ពុជា។ គោលបំណងនៃគម្រោងនេះ គឺដើម្បីអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនលើវិធីសាស្រ្តបង្រៀន និងសមត្ថភាពរៀបចំឯកសារបង្រៀន និងការស្រាវជ្រាវផ្នែកស្ទែមនៅកម្ពុជា ដោយមានគ្រឹះស្ថានបណ្តុះបណ្តាលគ្រូចូលរួមចំនួន០៣រួមមាន៖ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ចូលរួមអនុវត្តផ្ទាល់ និងនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត និងអ្នកពាក់ព័ន្ធផ្សេងៗមកពីក្រសួងអប់រំ យុវជន និងកីឡា ជាក្រុមការងារស្រាវជ្រាវ៕