ដើម្បីយល់ច្បាស់អំពីអត្ថន័យនៃវត្ថុ សិទ្ធិលើវត្តុ (សិទ្ធិប្រត្យក្ស) សូមធ្វើការបកស្រាយ និងពន្យល់ផ្សារភ្ជាប់ជាមួយនឹងឧទាហរណ៍ មានខ្លឹមសារជាបន្តបន្ទាប់ ដូចខាងក្រោម ៖
តើអ្វីទៅហៅថា វត្ថុ? វត្ថុបែងចែកជាប៉ុន្មានប្រភេទ?
វត្ថុជាពាក្យមួយដែលប្រជាពលរដ្ឋទូទៅប្រើប្រាស់សម្រាប់ហៅអ្វីមួយ ដែលភាគីច្រើនគឺ សំដៅទៅលើវត្ថុរឹង វត្ថុរាវ ឬ វត្ថុទន់ ជាដើម។ វត្ថុក្នុងភាសានិយាយ គ្រាន់តែជាពាក្យសាមញ្ញធម្មតាប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់ការប្រើប្រាស់ក្នុងភាសាច្បាប់វិញ វត្ថុគឺ សំដៅទៅលើរបស់ដែលមានរូបរាង ជាសារធាតុឧស្ម័ន ជាសារធាតុរាវ ជាសារធាតុរឹង នេះបើយោងតាមមាត្រា១១៩ នៃក្រមរដ្ឋប្បវេណីកម្ពុជាឆ្នាំ២០០៧។
ឧទាហរណ៍ ផ្ទះ ដី កែវទឹក ទឹកបរិសុទ្ធ ដើមឈើ ថ្ម ដែក កង្ហារ សៀវភៅ ប៊ិច ហ្គេសដែលត្រូវបានគ្រប់គ្រង -ល- ជាវត្ថុដែលខ្លះជាវត្ថុរឹង ខ្លះជាវត្ថុរាវ និងខ្លះទៀតជាវត្ថុមានប្រភេទជាឧស្ម័ន ជាដើម។
វត្ថុ ត្រូវបានបែងចែកជាពីរគឺ ចលនវត្ថុ និងអចលនវត្ថុ នេះបើយោងតាមមាត្រា១២០ នៃក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ២០០៧។ ចលនវត្ថុ ឬនិង អចលនវត្ថុ ជាភាសាច្បាប់ រីឯភាសាដែលប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតែងនិយាយថា ចលនទ្រព្យ ឬនិង អចលនទ្រព្យ។
អចលនវត្ថុសំដៅទៅលើ ដីធ្លី និង វត្ថុជាប់នៅលើដី ហើយមិនអាចផ្លាស់ប្ដូរ ទីកន្លែងបាន ដូចជាអាគារ សំណង់ ដំណាំ រុក្ខជាតិ ជាអាទិ៍។ អចលនវត្ថុនេះក៏ត្រូវបានច្បាប់ភូមិបាលឆ្នាំ២០០១ ត្រង់មាត្រា២បែងចែកជាបីប្រភេទផ្សេងគ្នាគឺ អចលនវត្ថុពីកំណើត អចលនវត្ថុពីភ័ព្វវាសនា និងអចលនវត្ថុតាមការកំណត់របស់ច្បាប់។ អចនលវត្ថុពីកំណើតមានដីធម្មជាតិដូចជា ដីព្រៃឈើ ដីកាប់រាន ដីដាំដុះ ដីទុកទំនេរ ឬមិនអាចដាំដុះ ដីលិចទឹកដោយទឹកនៅនឹង ឬទឹកហូរ និងសំណង់ឬការរៀបចំទាំងទ្បាយដែលស្ថិតនៅជាប់មួយកន្លែង កើតទ្បើងដោយអំពើរបស់មនុស្ស ហើយមិនអារំកិល ឬផ្លាស់ប្តូរទីកន្លែង។ អចលនវត្ថុពីភ័ព្វវាសនា មានវត្ថុដែលជាប់នឹងដី ឬបញ្ចូលជាមួយសំណង់ទាំងទ្បាយដែលមិនអាចបំបែកចេញបានដោយមិនធើ្វឱ្យមានការខូចខាត ឬមិនដូរសភាពដើមដូចជា ដើមឈើ ឧបករណ៍តែងលំអជាដើម។ អចលនវត្ថុតាមការកំណត់ដោយច្បាប់ជាការចាត់ទុកថា វត្ថុនោះជាអចលនវត្ថុតែម្តងទោះបីជាវត្ថុនោះ មានចលនាក៏ដោយ។
ចលនវត្ថុសំដៅលើវត្ថុក្រៅពីអចលនវត្ថុ មានចលនាបំលាស់ទីបាន និងឬ សំដៅលើទ្រព្យសម្បតិ្តគ្មានរូបរាងដែលអាចគ្រប់គ្រងបាន។ ដើម្បីយល់ពីពាក្យនេះកាន់តែច្បាស់សូមភ្ជាប់ឧទាហរណ៍មកជាមួយដូចជា ម៉ូតូ កង់ ទ្បាន កុំព្យូទ័រ សៀវភៅ ប៊ិច -ល- គឺជាចលនវត្ថុដែលមានចលនា អាចបំលាស់ទីបានដែលមិនមែនជាដី ឫ វត្ថុជាប់នឹងដីដែលមិនអាចបំលាស់ទីបាន។
តើវត្ថុមានសមាសភាគដូចម្តេចខ្លះ?
សមាសភាគនៃវត្ថុ ជាធាតុផ្សំនាំឱ្យកើតវត្ថុនោះ ដោយមិនអាចបំបែកបាន មិនអាចផ្លាស់ប្តូរលក្ខណៈដើមនៃវត្ថុ និងមិនអាចក្លាយជាកម្មវត្ថុនៃសិទ្ធិឯករាជ្យបានទ្បើយ (មាត្រា១២១ ក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ២០០៧)។ ឧទាហរណ៍ ទ្បានជាវត្ថុ ដែលមានសមាសភាគនៃវត្ថុជាច្រើនដូចជា កង់ ដៃចង្កូត ម៉ាស៊ីន ទ្វា និងសមាសភាគជាច្រើនទៀត រួមបញ្ចូលគ្នា ទើបបង្កើតបានជា ទ្បានមួយគ្រឿង។ ប្រសិនបើដកចេញសមាសភាគនៃទ្បានត្រង់ផ្នែកណាមួយ នាំឱ្យ ទ្បានមិនគ្រប់លក្ខណៈជាទ្បានមួយគ្រឿងនោះទេ។
សមាសភាគនៃដី សំដៅលើ វត្ថុដែលជាប់នឹងដី ឬ វត្ថុក្លាយជាភាគមួយនៃដី ជាពិសេសអាគារ ឬសំណង់ដែលសង់នៅលើដី ហើយមិនអាចផ្លាស់ប្តូរកន្លែងបាន ឬពូជដែលសាបនៅលើដី ដំណាំដែលបានដាំ រុក្ខជាតិដែលរស់នៅលើដី មិនអាចបំបែកចេញពីដី និងមិនអាចក្លាយទៅជាកម្មវត្ថុនៃសិទ្ធិឯករាជ្យបាន (មានត្រា១២២ នៃក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ២០០៧)។ ឧទាហរណ៍ ផ្ទះសង់ជាប់ដី សំណាប(មិនទាន់ដក) ស្រូវ(មិនទាន់ច្រូតកាត់) ដើមឈើដុះជាប់ដី -ល-។
អាគារ សំណង់ ដំណាំ រុក្ខជាតិ ម្ចាស់សិទ្ធិបានសង់ និងឬ ដាំលើដីកម្មសិទ្ធិអ្នកដទៃ ចាត់ទុកថា អាគារ សំណង់ ដំណាំ រុក្ខជាតិ ទាំងនោះ ជាសមាសភាគនៃសិទ្ធិលើដីរបស់អ្នកដទៃ នេះបើយោងតាមមាត្រា១២៣ នៃក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ២០០៧។
សមាសភាគនៃអាគារគឺ គ្រឿងផ្សំនាំឱ្យកើតជាអាគារ មានជាអាទិ៍ គ្រឿងអាគារ គ្រឿងសង្ហារិម ផ្លាកវត្ថុតុបតែង ដែលមិនអាចបែងចែកបាន មិនអាចបំបែកអាគារនោះ ឬ មិនអាចផ្លាស់ប្តូរលក្ខណៈដើមនៃវត្ថុនោះ និងមិនអាចក្លាយជាកម្មវត្ថុនៃសិទ្ធិឯករាជ្យបានទេ។ ចំពោះសមាសភាគនៃវត្ថុអ្វីមួយ ដែលមិនអាចបែងចែកបានដោយមិនបំបែកវត្ថុនោះ ឬ ដោយមិនផ្លាស់ប្ដូរលក្ខណៈដើមនៃសមាសភាគនោះទេ ភាគនៃវត្ថុនោះមិនអាច ក្លាយជាកម្មវត្ថុនៃសិទ្ធិឯករាជ្យបានឡើយ។ (មាត្រា១២៥នៃក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ២០០៧)
តើអ្វីទៅជាវត្ថុចំណុះ? អ្វីទៅជាវត្ថុចម្បង? ហើយអ្វីជាផលកើតចេញពីវត្ថុ និងផលដែលកើតចេញពីវត្ថុនោះមានអ្វីខ្លះ?
វត្ថុចំណុះ ជាវត្ថុដែលមិនមែនជាសមាសភាគនៃវត្ថុចម្បង ហើយកម្មសិទ្ធិករនៃវត្ថុចម្បងបានភ្ជាប់វត្ថុនោះទៅនឹងវត្ថុចម្បង ក្នុងគោលបំណង ដើម្បីបង្កើនតម្លៃសេដ្ឋកិច្ចលើវត្ថុចម្បង (មាត្រា១២៦កថាខណ្ឌទី១នៃក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ២០០៧)។ វត្ថុនេះ ក៏ជាវត្ថុឯករាជ្យមួយដែរ តែត្រូវបានកម្មសិទ្ធិករយកទៅភា្ជប់នឹងវត្ថុចម្បងដើម្បលម្អលើវត្ថុចម្បង។ ឧទាហរណ៍ សំភារៈ តុ ទូ កៅអីឈើ សម្រាប់តុបតែងលម្អផ្ទះ ជាដើម។
ការបង្កើត ការផ្ទេរសិទ្ធិចំពោះវត្ថុចម្បង ត្រូវមានអានុភាពលើវត្ថុចំណុះ លើកលែងតែមានការព្រមព្រៀងដកចេញវត្ថុចំណុះ (មាត្រា១២៦កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ២០០៧)។ ឧទាហរណ៍ លោក ក លក់ផ្ទះទៅឱ្យលោក ខ ដោយផ្ទះនោះ មានវត្ថុចំណុះសុទ្ធតែ តុឈើ ទូឈើ និងកៅអីឈើ។ ការលក់នេះ ត្រូវតែផ្ទេរវត្ថុចំណុះទៅជាមួយផងដែរ លើកលែងតែ ការលក់ទិញបានបញ្ជាក់ច្បាស់ថា លក់តែផ្ទះ រីឯ តុឈើ ទូឈើ និងកៅអីឈើ ត្រូវបានដកចេញមិនបញ្ចូលក្នុងតម្លៃលក់ទិញនេះទេ។
ផល ត្រូវបានបញ្ញត្តិក្នុងមាត្រា១២៧នៃក្រមរដ្ឋប្បវេណីកម្ពុជា ឆ្នាំ២០០៧។ វា ជាអត្ថប្រយោជន៍ដែលកើតចេញពីវត្ថុ។ ឧទាហរណ៍ ផ្លែស្វាយជាផលដែលកើតចេញពីដើមស្វាយ។ ផ្លែស្វាយ ជាផល រីឯ ដើមស្វាយ ជាវត្ថុ។ វត្ថុដើមគឺ ជាវត្ថុដែលបង្កើតផល។ ឧទាហរណ៍ ផ្លែដូងជាផល រីឯ ដើមដូងជា វត្ថុដើម ដែលបង្កើតផលជាផ្លែដូង។
ផលត្រូវបានបែងចែកជាពីរគឺ ផលធម្មជាតិកើតចេញពីវត្ថុធ្វើលទ្ធកម្មតាមវិធីប្រើធម្មតា។ ឧទាហរណ៍ ពងទា ជាផលធម្មជាតិ កើតចេញពីមេទាដែលចិញ្ចឹមបីបាច់ដោយកសិករ និងផលស៊ីវិល គឺ ជាប្រាក់ ដែលទទួលបានពីប្រាក់ថ្លៃឈ្នូល ឬ វត្ថុផ្សេងទៀត ដែលទទួលជាថ្នូរចំពោះការប្រើប្រាស់វត្ថុនោះ។ ឧទាហរណ៍ ប្រាក់ ទទួលបានពីការជួលផ្ទះ គឺ ជាផលស៊ីវិល។ ចំណែកឯ ម្ចាស់នៃវត្ថុដើម ជាអ្នកទទួលផលធម្មជាតិ និងផលស៊ីវិល។ ផលស៊ីវិលគឺ អាចទទួលទៅតាមអំទ្បុងពេលទទួលផលនោះដោយគណនាតាមចំនួនថ្ងៃ។ វត្ថុដើម មើលថែ ដោយ តតិយជន នាំឱ្យ ម្ចាស់វត្ថុដើម ត្រូវសងសោហ៊ុយនៃការមើលថែ។ ប៉ុន្តែសោហ៊ុយនេះ សមល្មម មិនអាចលើពីផលទទួលបានទ្បើយ។
ឯកសារយោងក្រមរដ្ឋប្បវេណីកម្ពុជាប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខៈ នស/រកម/១២០៧/០៣១ ចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៧ និងច្បាប់ភូមិបាលឆ្នាំ២០០១។
អត្ថបទ: លោក ប៊ី (Mr. B)