តើការចេញប័ណ្ណពិន័យល្មើសចរាចរណ៍ដោយនគរបាលចរាចរណ៍ ឬភ្នាក់ងារនគរបាលចរាចរណ៍ អ្នកទទួលប័ណ្ណពិន័យនោះ ត្រូវតែបង់ ដោយខានមិនបានឬទេ?
ជាធម្មតា ការចរាចរណ៍លើដងផ្លូវ ដែលមានសភាពណែនតាន់តាប់បែបនេះ តែងតែមានការល្មើសតិច ឬច្រើនទៅតាមចំនួនអ្នកធ្វើចរាចរណ៍ដោយចៀសមិនរួច សូម្បីតែនៅប្រទេសជឿនលឿនដែលមានច្បាប់ចរាចរណ៍តឹងរ៉ឹង មានទោសទណ្ឌពិន័យធ្ងន់ធ្ងរ ក៏នៅតែមានអ្នកល្មើស ជួនកាលល្មើសដោយអចេតនា ជួនកាលល្មើសដោយចេតនា។
ដូច្នេះសូមមកស្វែងយល់ទាំងអស់គ្នា ពីសិទ្ធិរបស់អ្នកធ្វើចរាចរណ៍ និងការអនុវត្តតួនាទីរបស់នគរបាល ឬភ្នាក់ងារនគរបាលចរាចរណ៍ផ្លូវគោគ។
នៅពេលដែលភ្នាក់ងារនគរបាលចរាចរណ៍ សង្ស័យថាអ្នកធ្វើចរាចរណ៍បានល្មើសលើភ្លើងសញ្ញាចរាចរណ៍ ដូចជាបើកកាត់ភ្លើងក្រហម ឬបត់ឈ្វេង ឬបត់ស្តាំ នៅពេលភ្លើងក្រហម ឬផ្លាកសញ្ញាហាមបត់ត្រឡប់ក្រោយជាដើម ភ្នាក់ងារបានឃាត់ ដើម្បីពិន័យ។
នៅពេលនេះ គេហៅថា សង្ស័យថាមានបទល្មើសចរាចរណ៍។ ភ្នាក់ងារ ត្រូវបង្ហាញភស្តុតាងដាក់បន្ទុក និងមាត្រាច្បាប់ ដើម្បីមានមូលដ្ឋាន ឬភស្តុតាង អាចចេញប័ណ្ណពិន័យ ដូចមានចែងក្នុងច្បាប់ជាធរមាន ដល់ជនល្មើសបើគាត់យល់ស្របថា គាត់ខុស ឬជនសង្ស័យ បើគាត់បដិសេធថា មិនបានល្មើសទេ។
បើជនល្មើសយល់ស្របថាគាត់ពិតជាខុសមែន គាត់ត្រូវតែបង់ប្រាក់ពិន័យ នៅកន្លែងភ្លាមៗ ឬអាចទៅបង់នៅការិយាល័យនគរបាលចរាចរណ៍ ក្នុងខណ្ឌដែលគាត់ល្មើស ឬតាមការចង្អុលបង្ហាញពីភ្នាក់ងារនោះ។ តែបើជនល្មើសបដិសេធ ភ្នាក់ងារ ត្រូវបង្ហាញភស្តុតាងជាក់ស្តែង ដែលពុំអាចប្រកែកបាន ដូចជារូបថត ឬវីដេអូរ ចំពោះការល្មើស ភ្លើងចរាចរណ៍ ហើយបើល្មើសផ្លាកសញ្ញាចរាចរណ៍ ដូចជាឈប់ ឬចតកន្លែងហាមឃាត់ បត់ល្មើសសញ្ញាចរាចរណ៍ មានភស្តុតាង ដោយយានជំនិះនៅលើគំនូសហាមឃាត់រួចទៅហើយ ពុំចាំបាច់មានភស្តុតាងជារូបថតទៀតឡើយ។
ចំពោះការបដិសេធ របស់អ្នកបើកបរ ភ្នាក់ងារ ពុំអាចឃាត់ ឬដកហូតយកយានជំនិះបានទេ បានត្រឹមតែចេញ ប័ណ្ណពិន័យតែប៉ុណ្ណោះ ដោយសុំអត្តសញ្ញាណប័ណ្ណចំពោះអ្នកបើកបរម៉ូតូក្រោម១២៥CC ឬប័ណ្ណបើកបរ ចំពោះអ្នកបើកបរម៉ូតូចាប់ពី១៥០CC ឡើងទៅ ឬអ្នកបើកបររថយន្ត ត្រូវយកប័ណ្ណបើកបរ របស់អ្នកបើកបរនោះ មកមើលហើយសរសេរព័ត៌មានជនសង្ស័យ និងប្រភេទយានជំនិះ លើប័ណ្ណពិន័យ ព្រមទាំងចង្អុលបង្ហាញមាត្រាច្បាប់ដែលជនសង្ស័យបានល្មើស។
តែលើកលែងករណី អ្នកបើកបរ អត់មានប័ណ្ណបើកបរ យានយន្តអត់ផ្លាកលេខ ឬសង្ស័យថាយានជំនិះ ឬអ្នកបើកបរបានប្រព្រឹត្តបទល្មើសណាផ្សេងទៀត ក្រៅពីបទល្មើសចរាចរណ៍ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬសណ្តាប់ធ្នាប់សង្គម នោះសមត្ថកិច្ចអាចឃាត់ ឬដកហូតយានជំនិះ ដើម្បីបង្ការ ឬបង្ក្រាបបទល្មើសនោះ។ តែការដកហូតយានជំនិះ ត្រូវមានលិខិតដកហូត ហើយមានកំណត់ហេតុដែលបញ្ជាក់ពីស្ថានភាពយានយន្ត ចៀសវាងការដឹកជញ្ជូន ឬរក្សាទុក ធ្វើឱ្យខូចខាត ឬបាត់បង់ ត្រូវតែសងដល់ម្ចាស់យានយន្ត។
នៅពេលបានទទួលប័ណ្ណពិន័យ ហើយអ្នកបើកបរមិនសុខចិត្ត ត្រូវប្តឹងទៅការិយាល័យចរាចរណ៍ផ្លូវគោគនៃខណ្ឌនោះក្នុងរយៈពេល១៥ថ្ងៃ។ ហើយការិយាល័យដែលទទួលពាក្យបណ្តឹង ត្រូវឆ្លើយតបក្នុងរយៈពេល១៥ថ្ងៃ។ ក្នុងករណីមិនសម្រេច ការិយាល័យចរាចរណ៍ ត្រូវប្តឹងទៅតុលាការ ដើម្បីទាមទារសិទ្ធិលើបំណុល នៃការផាកពិន័យនោះ មានន័យថា ប័ណ្ណផាកពិន័យអ្នកបើកបរ ពុំអាចបង្ខំ ឬកំណត់ថាមានសុពលភាព រហូតទាល់តែមានសាលក្រមពីតុលាការ ថាអ្នកបើកបរល្មើសចរាចរណ៍ ទើបអាចបង្ខំឱ្យអ្នកបើកបរបង់ប្រាក់ពិន័យបាន យោងតាមរដ្ឋធម្មនុញ្ញ កម្ពុជា ដែលចែងថា វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ ហើយជនសង្ស័យគ្រប់រូបត្រូវចាត់ទុកថា ឥតមានទោស រហូតដល់មានសាលក្រមស្ថាពរពីតុលាការ ទើបក្លាយជាពិរុទ្ធជន។
នគរបាលចរាចរណ៍ ក៏ដូចជានគរបាលយុត្តិធម៌ផ្សេងទៀតដែរ នៅពេលចុះពិនិត្យ ឬស៊ើបអង្កេតបទល្មើស ត្រូវប្រមូលភស្តុតាងដាក់បន្ទុក និងធ្វើរបាយការណ៍ ដាក់ជូនតុលាការ ដើម្បីកាត់សេចក្តី។ ប័ណ្ណផាកពិន័យ ក៏ដូចជារបាយការណ៍មួយដែរ ត្រូវតែមានភស្តុតាងដាក់បន្ទុក(រូបថត ដែលអ្នកបើកបរល្មើសចរាចរណ៍) ពុំនោះទេ អ្នកបើកបរត្រូវសន្មតថាគ្មានទោស ហើយកាតព្វកិច្ចរកភស្តុតាង ជាកាតព្វកិច្ចរបស់សមត្ថកិច្ច។
ជារួម នៅពេលជិះល្មើសចរាចរណ៍ ភ្នាក់ងារនគរបាលចរាចរណ៍ ពុំអាចដកហូតយានជំនិះបានឡើយ បានត្រឹមតែចេញប័ណ្ណពិន័យ ហើយអ្នកល្មើសអាចបង់នៅកន្លែងក៏បាន ទៅបង់នៅការិយាល័យចរាចរណ៍នៅពេលក្រោយក៏បាន ហើយសមត្ថកិច្ចពុំអាចដកហូតលិខិតស្នាម មានដូចជាអត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ ឬសោយានជំនិះ ដោយ គំរាមថានឹងដកហូត ឬពិន័យធ្ងន់ធ្ងរបានឡើយ។ បើនឹងដកហូតយានជំនិះបាន លុះត្រាតែយានជំនិះ ជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងទៀត ដូចជាអត់ផ្លាកលេខ អត់បង់ពន្ធ ឬសង្ស័យថា មានភាពខុសប្រក្រតីដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ឬសុវត្ថិភាពអ្នកដទៃ។ ហើយនឹងដកហូតបាន ត្រូវធ្វើរបាយការណ៍ពណ៍នាពីស្ថានភាពយានយន្ត និងកត់ត្រាឈ្មោះអ្នកដកហូតផង ចៀសវាងការធ្វេសប្រហែសរបស់សមត្ថកិច្ចនៅពេលដឹកជញ្ជូន ឬរក្សាទុកធ្វើឱ្យខូចខាត ឬបាត់បង់ សមត្ថកិច្ចត្រូវតែសងសំណងទៅម្ចាស់យានយន្ត។ នៅពេលទទួលបានប័ណ្ណផាកពិន័យ អ្នកនោះមានសិទ្ធិប្តឹងតវ៉ា។
រាល់ការល្មើសនឹងវិធានស៊ើបអង្កេតរបស់សមត្ថកិច្ចដូចជា ការប្រមូលភស្តុតាង ការដកហូតឯកសារ ឬយានជំនិះ ការពិន័យលើសច្បាប់កំណត់ ការសម្លុតគំរាម គឺជាបទល្មើសរំលោភអំណាច និងបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដែលអាចដាក់វិន័យរដ្ឋបាលផង ឬ/និង អាចនាំសមត្ថកិច្ចនោះទៅផ្តន្ទាទោសតាមច្បាប់បានទៀតផង៕