ដើម្បីជ្រាបច្បាស់ សារព័ត៌មានខ្មែរឈានមុខ សូមបកស្រាយដូចខាងក្រោម។
តើអ្វីទៅជា អំពើ “ជេរប្រមាថជាសាធារណៈ?”
គ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ដែលគ្មានការទម្លាក់កំហុសទៅលើអំពើណាមួយ គឺជាការជេរប្រមាថ។ ការបញ្ចេញមតិ ការប្រើប្រាស់ពាក្យមិនសមរម្យ ពាក្យពេចន៍ ជេរប្រមាថ មើលងាយ នាំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលម្នាក់ទៀត ទោះជាអ្នកដទៃ ញាតិលោហិត(សាច់បង្កើត) ឬញាតិពន្ធ(សាច់ថ្លៃ) ឬសហព័ទ្ធ(ប្តីឬប្រពន្ធ)ក៏ដោយ ជាសាធារណៈ ឬនៅទីសាធារណៈ ឬតាមបណ្តាញសង្គម ត្រូវចាត់ទុកជាអំពើជេរប្រមាថដែរ។
ការជេរប្រមាថ តែរវាងបុគ្គលអ្នកជេរ និងអ្នកត្រូវគេជេរ ពុំបានបង្ហាញថាមានទោស នៅមាត្រា ៣០៧នេះទេ។ ប៉ុន្តែ បើការជេរប្រមាថ ដែលអ្នកដទៃមិនបានដឹងហើយគ្មានទោស ហាក់មិនសមស្របឡើយ ត្បិតអីនិយោជក និងម្ចាស់ផ្ទះ ដែលជាញឹកញយតែងជេរប្រមាថដល់និយោជិត ឬកូនឈ្នួល ដែលពួកគេមិនហ៊ានប្តឹង ឬគ្មានលទ្ធភាពប្តឹង ឬមិនទាំងដឹងពីសិទ្ធិរបស់ពួកគេផងនោះ ហើយបើច្បាប់មិនការពារពួកគេទេ គឺហាក់បីដូចជាបាត់តម្លៃជាប្រទេសនីតិរដ្ឋ ឬសង្គមបាត់បង់តម្លៃសីលធម៌។ ព្រោះសង្គមបានបែងចែកវណ្ណៈ និងមានការជិះជាន់អ្នកក្រដូចកាលពីសម័យសក្តិភូមិ ដែលគេលុបបំបាត់ចោលជិតមួយសតវត្សទៅហើយ។
ចំពោះបទល្មើសជេរប្រមាថជាសាធារណៈ នៃក្រមព្រហ្មទណ្ឌមាត្រា ៣០៧ ត្រូវពិន័យជាប្រាក់ពី ១សែនរៀល ដល់ ១០ លានរៀល ដែលប្រព្រឹត្តឡើងតាមមធ្យោបាយណាមួយដូចតទៅ៖
ក. តាមសំដីនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។
ខ. តាមលិខិត ឬគំនូរដាក់តាំងឲ្យសាធារណជនមើល។
គ. តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។
ចំពោះប្រាក់ពិន័យ ពី១សែនរៀល ដល់១០លានរៀល ហាក់បីដូចជាតិចតួចណាស់សម្រាប់អ្នកមាន គឺអាចជេរប្រមាថគេ ហើយបង់ប្រាក់សំណងទៅចប់ហើយ។ ប្រាក់ពិន័យមិនបាន១%នៃប្រាក់ដែលធ្លាប់បរិច្ចាកសប្បុរសធម៌ផង ទោះជាជេរគេរាប់រយនាក់ទៀតក៏មិនខ្វះប្រាក់បង់ដែរ។ តែតាមពិត១០លានរៀលនេះ ជាប្រាក់ដែលពិន័យចូលរដ្ឋទេ ហើយជនរងគ្រោះអាចទាមទារសំណងជំងឺចិត្តទៅតាមទំហំខូតខាតជាក់ស្តែង អាស្រ័យលើមុខងារ តួនាទី ឬឋានៈនៅក្នុងសង្គម ឬភាពល្បីល្បាញរបស់ជនរងគ្រោះជាដើម។
កន្លងមកយើងឃើញថា មានបុគ្គលល្បីៗជាច្រើន ជាពិសេសមានទាំងអ្នកជំនួញល្បីល្បាញ និងឧកញ៉ាផង ដែលជេរគ្នាជាសាធារណៈ ខ្លះជេរអ្នកដទៃ ខ្លះជេរសាច់ញាតិ និងសហព័ទ្ធរបស់ខ្លួនផង តាមបណ្តាញសង្គម មានអ្នកទស្សនា រាប់ពាន់ម៉ឺននាក់ល្បីដល់ប្រមុខថ្នាក់ដឹកនាំប្រទេស រហូតដល់លោកស្នើសុំកុំឱ្យជេរប្រមាថគ្នា ដើម្បីទុកកិត្តិយសឱ្យកូនៗ។ ហើយបុគ្គលទាំងនោះ មិនត្រូវបានផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌដែលលើកឡើងខាងលើឡើយ។
តាមន័យនេះ បទល្មើសជេរប្រមាថជាសាធារណៈ ប៉ះពាល់ត្រឹមតែបុគ្គលដែលគេជេរនោះប៉ុណ្ណោះ ដូច្នេះ បណ្តឹងអាជ្ញា ជាបណ្តឹងទាមទារ ដែលមានតែបុគ្គលដែលជាជនរងគ្រោះ នឹងសាច់ញាតិជនរងគ្រោះប៉ុណ្ណោះ ដែលអាចប្តឹងបាន។ កន្លងមក ប្រហែលជាសាច់ញាតិ ឬសហព័ទ្ធជនរងគ្រោះ ពុំបានដឹងពីសិទ្ធិរបស់ខ្លួន ទើបមិនប្តឹង?
កម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា។ ជាប្រទេសដែលមាននូវវប្បធម៌ល្អ មានសុជីវធម៌ល្អ ដែលសាលារៀនបានបង្រៀនកុមារតូចៗ តាំងពីសាលាបឋមសិក្សា រួមទាំងការអប់រំនៅក្នុងគ្រួសារផង និងតាមវត្តអារាមផង។ ដោយឡែកមួយរយៈចុងក្រោយនេះ នៅពេលបណ្តាញសង្គម ចាប់ផ្តើមពេញនិយមក្នុងការប្រាស្រ័យទាក់ទងគ្នា ឬធ្វើជំនួញអនឡាញ មានជនឆ្លៀតឱកាសជាច្រើន បានប្រើបណ្តាញសង្គម ដើម្បីបោកបញ្ឆោត ឬប្រើកល់ល្បិច ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន ដើម្បីទាញយកប្រជាប្រិយ មកធ្វើជំនួញ ឬលក់ផលិតផលរបស់ខ្លួន។ តែខ្លះទៀត ក៏មានបញ្ហាជីវិត ឬយកសាច់រឿងអាស្រូវរបស់គ្រួសារ ឬផ្ទាល់ខ្លួនមកលាតត្រដាង ដោយសារកង្វះចំណេះដឹង ឬដោយសារបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ឬរកដំណោះស្រាយមិនចេញ ក៏ប្រកាសរកជំនួយដើម្បីរកច្រកចេញជាដើម។ ទាំងអស់នេះ ទោះចេតនាល្អ ឬមិនល្អ ឬវិបត្តិផ្លូវចិត្តក៏ដោយ ក៏វាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម ជាពិសេសគឺ កុមារតូចៗ ដែលទទួលរងនូវសារមិនល្អ ជាគម្រូបែបអវិជ្ជមានដោយប្រយោល ដល់អនាគតទំពាំងស្នងឫស្សី។ ម្យ៉ាងទៀត សារអវិជ្ជមានទាំងនោះ បានកំពុងបំផ្លាញប្រព័ន្ធអប់រំជាតិយ៉ាងគួរឱ្យព្រួយបារម្មណ៍ ខណៈក្មេងៗ ត្រូវរក្សាកម្លាតសង្គម ដោយសិក្សាតាមស្មាតហ្វូន ឬកុំព្យូទ័រ ងាយស្រួលតាមដាន ឬឃើញនូវទិដ្ឋភាពដ៏អួរអាប់នេះ តែងតែដិតដាននូវសញ្ញាណអវិជ្ជមានរបស់បុគ្គលល្បីៗទាំងនោះ ពិសេសគឺការជេរប្រមាថ ការញុះញង់ឱ្យមានការរើសអើង និងហឹង្សាជាដើម។
ប្រសិនបើគ្មានចំណាត់ការណាមួយចំពោះបុគ្គលទាំងនោះទេ កុមារនឹងយល់ថា ទង្វើជេរប្រមាថ ហឹង្សា ឬការរើសអើង គឺជារឿងធម្មតានៅក្នុងសង្គមកម្ពុជា ដែលនេះ បានធ្វើឱ្យរដ្ឋខាតបង់ថវិកាយ៉ាងច្រើន ដល់គ្រូបង្រៀនជាង១សែននាក់ ដែលបង្រៀនមានប្រសិទ្ធិភាពតិចតួចជាងការផ្សាយផ្ទាល់ជេរគ្នា ដោយសារតែពេលបុគ្គលល្បីៗទាំងនោះតែម្នាក់ឯង ពេលឡាយវីដេអូជេរគ្នាតាមបណ្តាញសង្គមម្តងៗ មានអ្នកមើលស្មើនឹង ឬលើសចំនួនគ្រូបង្រៀនទូទាំងប្រទេសផងក៏មាន តែពេលគ្រូបង្រៀនម្នាក់បង្រៀនសិស្សមួយថ្នាក់ ពី៤០ ទៅ ៥០នាក់ អំពីសីលធម៌សង្គម សិស្សមិនទាំងចង់ស្តាប់ ចង់រៀនផង។
ដោយសារតែទង្វើបុគ្គលល្បីៗទាំងអស់នោះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង និងដោយប្រយោល ដល់សង្គមជាតិទាំងមូល ដែលយើងពុំអាចមើលឃើញពីព្យសនកម្មដោយផ្ទាល់បាន តែវាបានបង្កផលវិបាករ៉ាំរ៉ៃដល់សង្គមជាតិនៅពេលអនាគតដ៏ខ្លី ហើយព្យសនកម្មអរូបិយនេះ មានវិសាលភាពយ៉ាងណាក៏យើងពុំអាចវាស់ស្មានបានឡើយ ហើយមានតែការបង្ការ បង្រ្កាប និងទប់ស្កាត់ប៉ុណ្ណោះ ទើបអាចវាស់វែងបានថាគ្មាន ឬមានព្យសនកម្មតិចតួចបំផុត។
ដូច្នេះ ទោះបីជាពុំមានបណ្តឹងទាមទារពីជនរងគ្រោះ ឬសាច់ញាតិជនរងគ្រោះក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ពិសេសមន្រ្តីនគរបាលយុត្តិធម៌ ឬព្រះរាជអាជ្ញា នៅដែនដីរបស់ជនល្មើស គួរចាត់វិធានការណាមួយដើម្បីបង្ការ ទប់ស្កាត់ ឬបង្រ្កាប ដើម្បីសុខដមរម្យនា នៃសង្គមជាតិយើងទាំងមូល៕