លោក ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំឯកសារគាំទ្រដល់កិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលនឹងត្រូវបង្កើតឡើងនាពេលឆាប់ៗខាងមុខ

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សាលើការរៀបចំឯកសារគាំទ្រដល់កិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលនឹងត្រូវបង្កើតឡើងនាពេលឆាប់ៗខាងមុខ។

កិច្ចប្រជុំនេះ បានធ្វើការពិភាក្សានិងពិនិត្យលើការរៀបចំឯកសារសំខាន់ៗ រួមមាន (១)-កិច្ចដំណើរការនីតិវិធីដោះស្រាយវិវាទរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង(២)-ឯកសារគាំទ្រដំណើរការរដ្ឋបាលរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង (៣)-ឯកសារក្រមសីលធម៌និងក្រមប្រតិបត្តិសម្រាប់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ៕