គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដាក់ចេញផែនការ ណែនាំមួយចំនួន ក្នុងឱកាសរៀបចំបុណ្យខួបលើកទី១៩នៃការគ្រងរាជសម្បត្តិរបស់ ព្រះមហាក្សត្រ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានធ្វើការដាក់ចេញ នូវផែនការ ណែនាំមួយចំនួន ដល់ក្រសួង-ស្ថាប័ន អភិបាល រាជធានី-ខេត្ត ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា។

តាមសេចក្ដីណែនាំ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ឆ្នាំនេះ ព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។
ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំមួយចំនួន៖

|១- ក្រសួងព្រះបរមរាជវាំង រៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃទិវាគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះមហារបុត្រ នៅក្នុងព្រះបរមរាជវាំង តាមព្រះរាជប្បវេណី និងប្រពៃណីសាសនា តាមការសព្វព្រះរាជហឫទ័យ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ២-គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានតុបតែងលម្អភ្លើងពណ៌ ពាក្យស្លោក ថ្វាយព្រះពរ និងសារលិខិតថ្វាយព្រះពរ ព្រមទាំងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក នៅតាមក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នរបស់ខ្លួន។
៣-រដ្ឋបាលរាជធានី ខេត្ត រៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃទិវាគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ឱ្យបានស័ក្តិសមក្នុងក្របខ័ណ្ឌរាជធានី-ខេត្ត។ ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយមានតុបតែង លម្អភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក មានសារលិខិតថ្វាយព្រះពរ និងណែនាំមន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន ឱ្យតុបតែងលម្អ ដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំផុសប្រជារាស្ត្រឱ្យលើកទង់ជាតិ បាន គ្រប់គេហដ្ឋាន ព្រមទាំងរៀបចំឱ្យមានកម្មវិធីចុះសួរសុខទុក្ខអ្នកជំងឺ តាមមន្ទីរពេទ្យបង្អែក កុមារកំព្រា ជនពិការ និងចាស់ជរាគ្មានទីពឹង។

៤- ក្រសួងធម្មការ និងសាសនា ត្រូវណែនាំមន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត រម្លឹកគ្រប់វត្តអារាមឱ្យ រៀបចំព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិថ្វាយព្រះរាជកុសល និងព្រះរាជសព្ទសាធុការពរថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ដោយមានតុបតែងលម្អភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកឱ្យបានសមរម្យ។ ៥- ក្រសួងព័ត៌មាន ណែនាំបណ្តាញវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន តាមដានយកព័ត៌មាន ធ្វើការផលិត ផ្សព្វផ្សាយទូលំទូលាយនូវព្រះរាជសកម្មភាព និងស្នាព្រះហស្ត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ៦- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ណែនាំគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី ខេត្ត ចាត់តាំងក្រុម តន្ត្រីសិល្បបុរាណ សម័យ សម្ដែងជូនប្រជារាស្ត្រទស្សនាកម្សាន្តសប្បាយនៅតាមទីសាធារណៈ ដើម្បីចូលរួម អបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រនេះ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

៧-ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវណែនាំដល់អង្គភាពក្រោមឱវាទឱ្យសហការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ បម្រើការរៀបចំព្រះរាជពិធីបុណ្យគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ ឱ្យធានាបានសុវត្ថិភាពល្អប្រសើរ និងចាត់តាំងឱ្យមានការអុជកាំជ្រួច អបអរសាទរ នៅ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៩:០០នាទីយប់។ និង៨- គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំកម្មវិធីចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ ដែលកំពុង សម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងចាស់ជរាគ្មានទីពឹង ដោយអំពាវនាវគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ន អង្គភាព ឱ្យចូលរួមជួយឧបត្ថម្ភអំណោយជាសម្ភារថវិកា។

សូមបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ត្រូវបានក្រុមប្រឹក្សា រាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះបរមនាមថាព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ ឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី៕