នាយករដ្ឋមន្រ្តី លើកទឹកចិត្ត ដល់ការវិនិយោគរបស់ក្រុមហ៊ុន Minibea របស់ជប៉ុន នៅកម្ពុជាបន្ថែម

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងនូវការ បន្តគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minibea របស់ជប៉ុននៅកម្ពុជាបន្ថែមទៀត ពីព្រោះជោគជ័យរបស់ ក្រុមហ៊ុន ក៏ជាជោគជ័យរបស់កម្ពុជាដូចគ្នា។សម្ដេចថ្លែងបែបនេះ ក្នុងជំនួបរវាងសម្ដេច ជាមួយលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minibea កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នៅវិមានសន្តិភាព។

ក្នុងកិច្ចជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសាបានលើកឡើង អំពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Minebea ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំ ហើយបន្តបោះជំហានទៅមុខឥតឈប់ឈរឆ្ពោះទៅការប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) ដោយព្យាយាមកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ហើយបានប្រែក្លាយខ្លួនឱ្យទៅជាអព្យាក្រឹត្យកាបូន តាមរយៈការជម្រុញនូវការលក់ផលិតផលបៃតង និងផលិតផលផ្សេងៗទៀត ដែលមានលក្ខណៈសន្សំសំចៃថាមពល រួមទាំងផែនការអនាគតក្នុងបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសកម្ពុជា ផងដែរ ។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះជំនួបជាមួយលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា និងថ្នាក់ដឹកនាំក្រុមហ៊ុន Minebea នាឱកាសនេះ និងបានរំឭកផងដែរអំពីជំនួបនៅទីក្រុងតូក្យូ កាលពីឆ្នាំ២០២២ កន្លងទៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការក្នុងនាមមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។

បន្ថែមពីលើនេះ សម្តេច ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣ លានដុល្លារ រហូតបានកើនដល់ ៦០០ លានដុល្លារ ហើយការសម្រេចចិត្តពង្រីកការវិនិយោគនេះ ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា ។

ជាមួយគ្នានេះ សម្តេច ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Minebea នៅក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជាការបង្កើតនូវគំរូស្តង់ដារល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត ព្រមជាមួយនឹងការសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minebea ពីព្រោះជោគជ័យរបស់ Minebea ក៏ជាជោគជ័យរបស់កម្ពុជា ដូចគ្នា ៕