តើមានមូលហេតុអ្វីខ្លះដែលនាំឲ្យបណ្តឹងអាជ្ញារលត់?

កាលណាបណ្តឹងអាជ្ញាត្រូវផុតរលត់ហើយ ការចោទប្រកាន់ខាងបទព្រហ្មទណ្ឌមិនអាចចាប់ផ្តើមបានទៀតទេ ឬ ត្រូវតែបញ្ឈប់។ តើមានមូលហេតុអ្វីខ្លះដែលនាំឲ្យបណ្តឹងអាជ្ញារលត់?

យោងតាមមាត្រា៧នៃក្រមនីតិវិធីព្រហ្មទណ្ឌ បណ្តឹងអាជ្ញាត្រូវផុតរលត់ដោយមូលហេតុ ដូចខាងក្រោម៖

.មរណភាពនៃជនល្មើស : កាលណាជនសង្ស័យ ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ឬ ជនល្មើស ដែលកំពុងស្ថិតនៅក្នុងនីតិវិធីនៃបណ្តឹងអាជ្ញា តែជននោះបានទទួលមរណភាព នោះបណ្តឹងអាជ្ញាដែលជាប់ពាក់ព័ន្ធជននោះ នឹងត្រូវរលត់ ដោយមិនអាចចាប់ផ្តើមចោទប្រកាន់បានទៀតឡើយ ហើយទោះបីមានការចោទប្រកាន់រួចរាល់ហើយក៏ដោយ ក៏ការចោទប្រកាន់នោះត្រូវតែបញ្ឈប់ ឬ បញ្ចប់ ព្រោះនេះជាការគោរពគោលការណ៍ចំពោះមុខរបស់ភាគីក្នុងរឿងក្តីព្រហ្មទណ្ឌ និង គោរពផលប្រយោជន៍នៃគោលបំណងនៃការដាក់ទោសព្រហ្មទណ្ឌទៅលើជនល្មើស ដែលអប់រំកែប្រែចូលរស់នៅក្នុងសង្គមវិញ លែងមានភាពចាំបាច់ទៀតហើយ។

.ការផុតអាជ្ញាយុកាលនៃបទល្មើស : អាជ្ញាយុកាលនៃបទល្មើស ឬ បណ្តឹងអាជ្ញា គឺជាថិរវេលាកំណត់មួយដែលចែងក្នុងច្បាប់ អំពីរយៈពេលដែលអាចធ្វើបណ្តឹងអាជ្ញាចំពោះបទល្មើសណាមួយបាន។ ការផុតអាជ្ញាយុកាលនៃបទល្មើស នាំអោយបណ្តឹងត្រូវផុតរលត់។ អាជ្ញាយុកាលនៃបទល្មើស ខុសគ្នាទៅតាមកម្រិតនៃប្រភេទបទល្មើសនីមួយៗ ដូចខាងក្រោម ៖

បទល្មើសគ្មានអាជ្ញាយុកាលកំណត់ ដូចជា បទឧក្រិដ្ឋប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ បទឧក្រិដ្ឋសង្គ្រាម។ (បទល្មើសមានលក្ខណៈធ្ងន់ធ្ងរបំផុត)

រយៈពេល ១៥ឆ្នាំ ចំពោះបទឧក្រិដ្ឋ(បទល្មើសមានលក្ខណៈធ្ងន់ធ្ងរ)

រយៈពេល ០៥ឆ្នាំ ចំពោះបទមជ្ឈិម​ (បទល្មើសមានលក្ខណៈកណ្តាល ឬ មធ្យមរវាងបទល្មើសធ្ងន់ និងបទល្មើសស្រាល)

រយៈពេល ០១ឆ្នាំ ចំពោះបទលហុ (បទល្មើសមានលក្ខណៈស្រាល ឬ តូចតាច)

(អាជ្ញាយុកាលនៃបទល្មើសនេះ នឹងចេញផ្សាយលម្អិតនៅលេខបន្តបន្ទាប់ទៀត)

.ការលើកលែងទោសជាទូទៅ : ការលើកលែងទោសជាទូទៅនេះ គឺសំដៅទៅលើច្បាប់ស្តីពីការលើកលែងទោសជាទូទៅចំពោះបទល្មើសណាមួយអនុម័តដោយសភា ដូចមានចែងក្នុងមាត្រា ៩០ថ្មី (ពីរ)នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ច្បាប់ស្តីពីការលើកលែងទោសជាទូទៅនេះ គឺខុសគ្នាពីការលើកលែងទោស ឬ បន្ធូរបន្ថយទោសដោយព្រះមហាក្សត្រ ដែលមានចែងក្នុងមាត្រា២៧នៃរដ្ឋធម្មនុញ្ញ។ ការលើកលែងទោស ឬ បន្ធូរបន្ថយទោសដោយព្រះមហាក្សត្រ គឺធ្វើឡើងនៅពេលមានពិធីបុណ្យជាតិធំៗ ដូចជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ ពិធីបុណ្យអុំទូកចំពោះទណ្ឌិតដែលត្រូវបានតុលាការផ្តន្ទាទោសរួចរាល់ជាស្ថាពរ ក្នុង ដូចដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០១២១/០៣០ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

.និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ : កាលណាច្បាប់ព្រហ្មទណ្ឌណាមួយត្រូវបាននិរាករណ៍ (លុបចោល) នោះបទល្មើសដែលចែងក្នុងច្បាប់ព្រហ្មទណ្ឌនោះ ក៏ត្រូវលុបចោលដែរ ហើយមិនអាចធ្វើ បណ្តឹងអាជ្ញា ឬ ការចោទប្រកាន់បានឡើយ។ (ការនិរាករណ៍នៃច្បាប់ព្រហ្មទណ្ឌនេះ នឹងចេញផ្សាយ លម្អិតក្នុងលេខបន្តបន្ទាប់ទៀត)

.អាជ្ញាអស់ជំនុំ : មានន័យថា ជនណាដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសជាស្ថាពរ ឬ សម្រេចឲ្យរួចខ្លួនជាស្ថាពរ ឬ ត្រូវបានលើកលែងទោសស្របតាមច្បាប់ និង នីតិវិធីព្រហ្មទណ្ឌរបស់រដ្ឋនីមួយៗ ជននោះមិនអាចត្រូវបានចោទប្រកាន់ទៀតទេ ចំពោះបទល្មើសដដែល ទោះបីជាក្រោមការកំណត់ឈ្មោះបទល្មើសថ្មីផ្សេងក៏ដោយ។ (គោលការណ៍អាជ្ញាអស់ជំនុំនេះ នឹងចេញផ្សាយ លម្អិតក្នុងលេខបន្តបន្ទាប់ទៀត)

បន្ថែមពីលើនេះទៀត បើយោងតាមមាត្រា៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌដដែល បើកាលណាច្បាប់ដោយឡែកបានចែងដោយជាក់លាក់ នោះបណ្តឹងអាជ្ញាត្រូ​វផុតរលត់ផងដែរ ដោយមូលហេតុដូចខាងក្រោម៖

.ដោយការសម្របសម្រួលជាមួយរដ្ឋ : ឧទាហរណ៍បទល្មើសគយ ចែងក្នុងច្បាប់ស្តីពីគយ មាត្រា៧៧ ។

.ដោយការដកពាក្យបណ្តឹង នៅក្នុងករណីដែលពាក្យបណ្តឹងនេះជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ជាបទព្រហ្មទណ្ឌ។ ឧទាហរណ៍បទល្មើសបរិហារកេរ្តិ៍ ឬ ជេរប្រមាថជាសាធារណៈ ចែក្នុងក្រមព្រហ្មទណ្ឌ មាត្រា៣០៥, ៣០៧ និង ៣០៩, បទល្មើសផិតក្បត់ ចែងក្នុងច្បាប់ស្តីពីឯកពន្ធភាព មាត្រា៧ និង ៨, បទល្មើសហិង្សាស្រាលក្នុងគ្រួសារ ចែងក្នុងច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និង កិច្ចការពារជនរងគ្រោះ មាត្រា ៣៦។

.ដោយការបង់ប្រាក់ពិន័យសរុប ឬ ប្រាក់ពិន័យសម្របសម្រួល : ឧទាហរណ៍បទល្មើសព្រៃឈើមួយចំនួន ចែងក្នុងច្បាប់ស្តីពីព្រៃឈើ មាត្រា ៩០ ដល់មាត្រា ៩៦, បទល្មើសជលផលមួយចំនួន ចែងក្នុងច្បាប់ស្តីពីជលផល មាត្រា៨៦ ដល់មាត្រា៨៨។

(យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា លេខ នស/រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧)