អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់ចេញវិធានការហាមមិនឱ្យការជួបជុំប្រមូលផ្តុំគ្នាពីសំណាក់សិស្ស-និស្សិត និងយុវជន-យុវនារីតាមគ្រប់រូបភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន និងទីតាំងសាធារណៈនានាក្នុងរាជធានីភ្នំពេញ ដែលបង្កឱ្យមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុង។ នេះបើយោងសេចក្តីណែនាំចុះថ្ងៃទី១៣ កុម្ភៈនេះ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ។
បន្ថែមពីលើការហាមឃាត់ការជួបប្រមូលផ្តុំគ្នានេះ លោក ឃួង ស្រេង ក៏បានណែនាំឱ្យគ្រឹះស្ថានសិក្សាអប់រំ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ការអប់រំផ្សព្វផ្សាយពីអត្ថន័យនៃទិវានៃក្តីស្រលាញ់ ថ្ងៃទី១៤ កុម្ភៈ ដល់សិស្ស-និស្សិត និងកូនៗរបស់ពួកគេ ដើម្បីជៀសវាងការយល់ច្រឡំថាទិវាមួយនេះគឺជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបរវាងគូសង្សារ ដើម្បីចៀសវាងការប្រព្រឹត្តសកម្មភាពខុសសីលធម៌ផ្សេងៗ។
ទន្ទឹមនឹងគ្នានេះផងដែរ រដ្ឋបាលខណ្ឌទាំង១៤ រួមជាមួយមន្ទីរពាក់ព័ន្ធ សហការចុះត្រួតពិនិត្យ តាមដាន ឃ្លាំមើល និងចាត់វិធានការជាបន្ទាន់ ចំពោះសកម្មភាពមិនប្រក្រតីទាំងឡាយដែលអាចកើតមានក្នុងឱកាសទិវានៃក្តីស្រលាញ់នេះ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុង កាលពីពេលថ្មីៗនេះបានលើកឡើងថា យុវជនមួយចំនួនតូចបានប្រព្រឹត្តសកម្មភាពភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គលនិងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិខ្មែរ ក្នុងថ្ងៃទីវានៃក្តីស្រលាញ់។
សម្រាប់លោករដ្ឋមន្ត្រី សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ខណៈដែលទិវាមួយនេះពុំមានជាប្រពៃណីរបស់ជនជាតិកម្ពុជានោះទេ៕