ប្រវត្តិកំណើតទិវានៃក្តីស្រឡាញ់ (Valentine’s Day)

St. Valentine

ថ្ងៃទី១៤ ខែកុម្ភៈ គឺជាថ្ងៃមួយ ដែលយុវវ័យនៅជុំវិញពិភពលោក ក៏ដូចជាយុវវ័យកម្ពុជា តែងចាត់ទុកថាជាថ្ងៃពិសេស ដើម្បីបង្ហាញពីក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមក តាមរយៈការជូនអំណោយដូចជា ផ្កាកូលាបស្រស់ ឬផ្កាសប្ប-និម្មិត ឬជញ្ជៀនពេជ្រសុំរៀបការ ឬអំណោយផ្សេងៗទៀតជាដើម។ ជួនកាលពួកគេឈានដល់ប្រព្រឹត្តនូវទង្វើកន្លងប្រពៃណីផងក៏មាន ដោយសារតែផ្កាកូលាបមួយទង រហូតដល់មានពាក្យស្លោកមួយថាជា “ទិវាបូជាព្រហ្មចារីយ៍” ពិសេសយុវវ័យនៅទីក្រុង ហើយនិន្នាការនេះ ក៏កំពុងរីកសាយភាយទៅកាន់និគមជន ឬតំបន់ជនបទយ៉ាងលឿនគួរឱ្យព្រួយបារម្ភ។ ឥរិយាបទនេះ ធ្វើឱ្យសង្គមកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំង រហូតដល់មានស្ថាប័នធំៗរបស់រដ្ឋយកចិត្តទុកដាក់ ចេញលិខិតព្រមាន និងចាត់វិធានការការពារយ៉ាងសកម្មជារៀងរាល់ឆ្នាំ ដូចជាក្រសួងអប់រំ និងក្រសួងវប្បធម៌ជាដើម ដែលដាក់កំហិត មិនឱ្យមានសកម្មភាពជួបជុំ ប្រមូលផ្តុំ ហើយរឹតបន្តឹងវត្តមានសិស្សានុសិស្សតាមសាលារៀន ជាដើម។

បច្ចុប្បន្ននេះ ថ្ងៃទី១៤កុម្ភៈ ឬទិវានៃក្តីស្រលាញ់ ឬValentine’s Day នេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានា អប់រំឱ្យដឹងថា វាជាថ្ងៃនៃសេចក្តីស្រលាញ់ដែលមានចំពោះមនុស្សគ្រប់រូប មិនសម្រាប់តែសេចក្តីស្នេហ៍បែបយុវវ័យ ឬគូរស្រករនោះទេ តែជាសេចក្តីស្រលាញ់ចំពោះឪពុកម្តាយ អ្នកមានគុណ សាច់ញាតិបងប្អូន ចៅហ្វាយនាយនិងកូនចៅ ឬមិត្តជិតស្និទ្ធជាដើម។

ដូច្នេះ ដើម្បីកុំឱ្យមានការភាន់ច្រឡំ ចំពោះអត្ថន័យនៃថ្ងៃទី១៤ កុម្ភៈ សារព័ត៌មានខ្មែរឈានមុខ សូមរៀបរាប់ពីប្រវត្តិថ្ងៃនៃសេចក្តីស្រលាញ់ដូចខាងក្រោម។

សម្រាប់ខែកុម្ភៈ ត្រូវបានគេចាត់ទុកថា ជាខែដែលមានអារម្មណ៍រ៉ូមែនទិក ឬជាខែនៃមនោសញ្ចេតនា ហើយទិវានៃ ក្ដីស្រឡាញ់ដូចដែលយើងបានដឹងសព្វថ្ងៃនេះ គឺមានទាក់ទងនឹងប្រពៃណីគ្រិស្តសាសនា និងសម័យរ៉ូមពីបុរាណ។

កាលពីសម័យកាលចក្រភពរ៉ូម ដែលបច្ចុប្បន្នជាប្រទេសអ៊ីតាលី ពេលព្រះវិហារកាតូលិកទទួលស្គាល់ សន្តបុគ្គលចំនួនបីរូបផ្សេងគ្នាគឺ លោក Valentine ឬក៏ Valentinus ឬក៏អ្នកដែលបូជាជីវិតដើម្បីសាសនា។ មានរឿងតំណាលថា លោក Valentine គឺជាបព្វជិតដែលបានបម្រើសាសនា នៅក្នុងសតវត្សទី៣ នៅក្នុងសម័យរ៉ូម ដែលតែងតែបានជួយការពារគូស្នេហ៍ជូនជាតិរ៉ូមាំង ពីច្បាប់របស់ព្រះចៅអាធិរាជ ដែលពន្យាពេលពួកគេ ក្នុងការរៀបងាពាហ៍ពិពាហ៍។

នៅសម័យនោះ គ្រប់គ្រងដោយព្រះចៅអធិរាជ ចក្រភពរ៉ូម Claudius II ដែលលោកយល់ថា បុរសដែលនៅលីវ មានកម្លាំងខ្លាំង និងស្មារតីអង់អាច ក្នុងការធ្វើជាទាហានប្រយុទ្ធបានល្អជាងបុរសដែលមានប្រពន្ធ និងគ្រួសារ។ ហេតុនេះ ព្រះចៅអធិរាជ ក៏បានហាមមិនឱ្យយុវជនក្មេងៗរៀបការនោះទេ។ ហើយលោក Valentine ដែលយល់ឃើញថា ការចេញសេចក្តីសម្រេចហាមឃាត់មិនអនុញ្ញាតឱ្យយុវជនរៀបការនេះ ហាក់ដូចជាពុំមានយុត្តិធម៌សម្រាប់ពួកគេ ហើយលោកក៏មិនគោរពតាមសេចក្តីសម្រេចនេះដែរ។ ជារឿយៗមានគូសង្សាជាច្រើនគូ បានពឹងពាក់ឱ្យគាត់ជួយរៀបការក្នុងទីកន្លែងដ៏ស្ងប់ស្ងាត់ និងលាក់កំបាំងពីព្រះចៅ Claudius និងសេនាព្រះអង្គ។ លោកតែងតែកាច់ផ្កាពីសួនច្បារ ជូនប្តីប្រពន្ធដែលរៀបការថ្មីថ្មោងទាំងនោះ ដែលលោកចាត់ទុកថាជាវត្ថុតំណាងឱ្យអាពាហ៍ ពិពាហ៍ សម្រាប់គូស្វាមីដែលរៀបការនៅសម័យនោះ។ ហេតុដូច្នេះហើយបានជាបច្ចុប្បន្ន គេនិយមយកផ្កាធ្វើជាវត្ថុតំណាងនៃសេចក្តីស្រលាញ់ សម្រាប់ជូនគ្នាទៅវិញទៅមក នៅថ្ងៃនៃសេចក្តីស្រលាញ់នេះ។

នៅពេលព្រះចៅ Claudius ដឹងឮ នូវសកម្មភាពរបស់ លោក Valentine ត្រូវបានព្រះចៅ Claudius បញ្ជាឲ្យសេនាចាប់គាត់ដាក់គុកអស់មួយជីវិត។ ។

រឿងរ៉ាវមួយផ្សេងទៀតបានលើកឡើងថា លោក Valentine អាចត្រូវបានជាប់ពន្ធធនាគារដោយសារតែការប៉ុនប៉ងជួយគ្រិស្តសាសនិករត់គេចចេញពីពន្ធនាគារ នៅក្នុងយុគសម័យរ៉ូមដ៏សាហាវជាទីដែលពួកគេតែងតែត្រូវបានវាយធ្វើបាប និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។

តាមរឿងរ៉ាវមួយនេះបានឲ្យដឹងថា លោក Valentine ដែលជាប់គុក មានជាប់ពាក់ព័ន្ធនឹង «ក្ដីស្រឡាញ់» ដំបូងផ្ទាល់ខ្លួនរបស់គាត់ បន្ទាប់ពីគាត់ស្រឡាញ់នារីវ័យក្មេងម្នាក់ ដែលប្រហែលជាប្អូនស្រីរបស់ឆ្មាំគុកមួយរូបដែលបានទៅសួរសុខទុក្ខគាត់ នៅពេលគាត់ជាប់ក្នុងពន្ធនាគារនោះ។

ក្រោយមក លោក Valantine ត្រូវប្រហារជីវិតនៅអំឡុងឆ្នាំ២១០ នៃគ្រិស្តសករាជ។ នៅមុនការស្លាប់របស់លោក គេរកឃើញថា លោកបានសរសេរសំបុត្រមួយច្បាប់ផ្ញើជូននារីដែលលោកស្រឡាញ់ ដោយមានចារថា “From Your Valentine” ដែលមានន័យថា “ពី វ៉ាលែនថាញ របស់អូន” ដែលឃ្លានេះ គេនៅបន្តប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។ ទោះជាការពិតនៅពីក្រោយរឿងរ៉ាវរបស់លោក Valentine នៅមានភាពស្រពេចស្រពិលក៏ដោយក៏រឿងរ៉ាវទាំងអស់បញ្ជាក់ពីការទាក់ទាញថា ជាឥស្សរជនមានសមានចិត្តវីរភាព និងមានមនោសញ្ចេតនាស្នេហាយ៉ាងជ្រាលជ្រៅ។

នៅត្រឹមមជ្ឈិមសម័យប្រហែលជាដោយសារតែកេរ្តិ៍ឈ្មោះរបស់លោកនេះហើយ ទើបលោក Valentine បានក្លាយជាបុគ្គលមួយរូបដ៏មានប្រជាប្រិយបំផុតនៅប្រទេសអង់គ្លេស និងបារាំង។

គេអាចនិយាយបានថា ប្រភពដើមនៃទិវានៃក្ដីស្រឡាញ់ គឺជាពិធីសាសនាមួយនៅក្នុងខែកុម្ភៈនៅពេលអ្នកខ្លះជឿថា «ទិវានៃក្ដីស្រឡាញ់» ត្រូវបានប្រារព្ធធ្វើនៅពាក់កណ្ដាលខែកុម្ភៈដើម្បីរំឭកខួបនៃមរណភាពរបស់លោក Valentine ដែលប្រហែលជាបានកើតឡើងនៅរង្វង់ឆ្នាំ២៧០នៃគ្រិស្តសករាជនោះ គេអះអាងថា ព្រះវិហារគ្រិស្តសាសនា ប្រហែលជាបានសម្រេចចិត្តកំណត់យកថ្ងៃបុណ្យនៃក្ដីស្រឡាញ់នេះនៅពាក់កណ្ដាលខែកុម្ភៈ ក្នុងបំណងធ្វើឲ្យការប្រារព្ធពិធីសាសនា Lupercalia នេះក្លាយជា «គ្រិស្តសាសនា»។ ដោយប្រារព្ធធ្វើនៅពាក់កណ្ដាលខែ កុម្ភៈ ឬក៏ថ្ងៃទី១៥ ខែកុម្ភៈនោះពិធីបុណ្យ Lupercalia គឺជាពិធីបុណ្យរំឭកពី កំណើត ដែលឧទ្ទិសដល់ព្រះ Faunus ដែលជាព្រះរបស់រ៉ូម ដែលមានឥទ្ធិពលខាងកសិកម្មព្រមទាំងឧទ្ទិសដល់ស្ថាបនិកទីក្រុងរ៉ូម គឺលោក Romulus និងលោក Remus ផងដែរ។